ព័ត៌មានអន្តរជាតិ

សង្គ្រាម​អ៊ីស្រាអែល ​លើ​តំបន់​ហ្គាហ្សា​ ស្ថិតក្នុង​ចំណោម​រឿង ​ដ៏​រន្ធត់​បំផុត ​នៃ​សតវត្សរ៍​ទី២០ និងទី ២១

xinhua

យូអិន៖​ ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្ត “សង្រ្គាមប្រល័យ ពូជសាសន៍” លើតំបន់ហ្គាហ្សា ដោយថាឧក្រិដ្ឋកម្មទាំងនេះ នឹងត្រូវបានកត់ត្រានៅក្នុង “ទំព័រនៃមនសិការអន្តរជាតិថា​ ជាជំពូកដ៏គួរឱ្យរន្ធត់បំផុតមួយ នៃសោកនាដកម្ម មនុស្សធម៌ក្នុង ទសវត្សរ៍ទី ២០​ និងទី២១” ។

លោកបានលេីកឡេីងនៅពេលថ្លែងទៅ កាន់មហាសន្និបាតអង្គការ សហប្រជាជាតិតាមរយៈតំណភ្ជាប់វីដេអូថា​ “ខ្ញុំនិយាយទៅកាន់អ្នកនៅថ្ងៃនេះ បន្ទាប់ពីជិតពីរឆ្នាំ​ ដែលប្រជាជនប៉ាឡេស្ទីន របស់យើង​ នៅតំបន់ហ្គាហ្សាស្ទ្រីប​ បានប្រឈមមុខនឹងសង្រ្គាមនៃការប្រល័យពូជសាសន៍ ការបំផ្លិចបំផ្លាញ ការអត់ឃ្លាន និងការផ្លាស់ទីលំនៅ”។

លោកបានសង្កត់ធ្ងន់ថា អំពើប្រល័យពូជសាសន៍ត្រូវបាន “វាយប្រហារដោយកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល” ដែលក្នុងនោះពួកគេបានសម្លាប់ និងធ្វើឱ្យជនជាតិប៉ាឡេស្ទីនជាង ២២ម៉ឺននាក់រងរបួស ដែលភាគច្រើនជាកុមារ​ ស្ត្រី និងមនុស្សចាស់។

លោកប្រធានាធិបតីក៏បានថ្កោលទោសការពង្រីកការតាំងទីលំនៅរបស់រដ្ឋាភិបាលអ៊ីស្រាអែលនៅលើតំបន់ West Bank ដោយព្រមានថាវាគំរាមកំហែងដល់ដំណោះស្រាយរដ្ឋពីរ។

លោក Abbas បានលេីកឡេីងថា “យើងច្រានចោល និងបដិសេធទាំងស្រុង” នូវផែនការ របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក​ បេន​ចាមីន​ ណេតាន់យ៉ាហ៊ូ​ សម្រាប់ “អ៊ីស្រាអែលកាន់តែធំ” ខណៈពេលដែលកំពុង ទាក់ទាញការយកចិត្តទុកដាក់​ ចំពោះការកើនឡើងនៃ “អំពើភេរវកម្មនៃអ្នកតាំងទីលំនៅ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top