ព័ត៌មានអន្តរជាតិ

លោក Li Qiang ជួបសំណេះសំណាល ជាមួយសមាគមមិត្តភាព របស់អាមេរិក

ថ្ងៃទី ២៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសំណេះសំណាលជាមួយសមាគមមិត្តភាពរបស់អាមេរិក ។ តំណាងនៃក្រុមប្រឹក្សាធុរកិច្ច អាមេរិក-ចិន គណៈកម្មាធិការទំនាក់ទំនងអាមេរិក-ចិន សភាពាណិជ្ជកម្មអាមេរិក និងគណៈកម្មាធិការទំនាក់ទំនង អន្តរជាតិនៃអាមេរិក ព្រមទាំងបញ្ញវន្ត និងអ្នកទទួលខុសត្រូវ របស់សហគ្រាសបានចូលរួមពិធីនេះ ។

លោក Li Qiang បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិក ជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានថ្លែងថា មហាសមុទ្រប៉ាស៊ីហិ្វកដ៏ធំល្វឹងល្វើយ ដែលអាចផ្ទុកប្រទេសទាំងពីរចិន និងអាមេរិកនិងប្រទេសផ្សេងទៀត ។ ចិននិងអាមេរិក គួរតែប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមក រួមរស់ដោយសនិ្តសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីសម្រេចបាន នូវវិបុលភាពរួម តាមរយៈការជួយគ្នាទៅវិញទៅមក ។

លោក Li Qiang បានលើកឡើងថា ប្រទេសចិនមានជំនឿចិត្ត និងមានសមត្ថភាពអាចរក្សាការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយស្ថិរភាពនិងរឹងមាំ ដើម្បីបង្កើតឱកាសកាន់តែច្រើន សម្រាប់សហគ្រាស នៃបណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងសហគ្រាស អាមេរិកផងដែរ ។

លោក Li Qiang បានគូស បញ្ជាក់ទៀតថា រំពឹងទុកថា ឥស្សរជនគ្រប់មជ្ឈដ្ឋានរបស់អាមេរិក នឹងធ្វើសកម្មភាពវិជ្ជមានកាន់តែច្រើន ក្នុងន័យបង្កើនការយល់ដឹង ពីគ្នារវាងប្រទេសទាំងពីរ ត្រួសត្រាយ កិច្ចសហប្រតិបតិ្តការ ជាក់ស្តែងក្នុងគ្រប់វិស័យ និងរួមចំណែកកាន់តែធំ ដើម្បីជំរុញការអភិវឌ្ឍនៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនចំណងមេត្រីភាព នៃប្រទេសទាំងពីរ ។

ឥស្សរជនអាមេរិកដែលមានវត្តមាន ក្នុងពិធីសំណេះសំណាលបានថ្លែងថា មជ្ឈដ្ឋានសហគ្រាសអាមេរិកមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនៃសេដ្ឋកិច្ចចិន ហើយនឹងបន្តពង្រីកការបណ្តាក់ទុន នៅប្រទេសចិន ក្នុងន័យដើរតួនាទីជាស្ពាន ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ និងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ៕

To Top