ព័ត៌មានជាតិ

សហគមន៍អន្តរជាតិ គាំទ្រដល់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីចូលរួមសប្តាហ៍ព្រឹត្តិការណ៍ពិសេស ស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន សម្រាប់ជំរុញការប្តេជ្ញាចិត្តជាមួយពិភពលោក កាត់បន្ថយការបំពុលបរិស្ថាន មហាសមុទ្រ ការការពារនិងអភិរក្សធនធានធម្មជាតិ ការដោះស្រាយបញ្ហាកាប្រែប្រួលអាកាសធាតុ។

លទ្ធផលផ្លែផ្កាមួយចំនួន ដែលកម្ពុជាទទួលបានពីកិច្ចប្រជុំពាក់ព័ន្ធទាំងអស់មានដូចតទៅ៖
១-ប្រតិភូអង្គការសហប្រជាជាតិ បានសាទរនិងវាយតម្លៃខ្ពស់ដល់កម្ពុជា ដែលបានក្លាយជាប្រទេសស្ថាបនិកមួយក្នុងចំណោមប្រទេសចំនួន៦០ ដំបូងគេដែលបានផ្តល់សច្ចាប័នជាផ្លូវការពីអង្គការសហប្រជាជាតិ និងបានចូលក្នុងកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ» និងបានទទួលពានរង្វាន់The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចូលក្នុងកិច្ចព្រមព្រៀងស្តីពី BBNJ។

២-ប្រតិភូអង្គការសហប្រជាជាតិ បានចូលរួមអបអរសារទរប្រទេសកម្ពុជា ដែលបានរៀបចំ NDC3.0 ដោយបង្ហាញពីគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្បាស់លាស់ គ្របដណ្តប់គ្រប់វិស័យ បរិយាបន្នសង្គម សម្រាប់ចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ កម្ពុជាក៏បានបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាល និងការចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់៥៥% នៅឆ្នាំ២០៣៥។

៣-សហគមន៍អន្តរជាតិសន្យានឹងផ្តល់ហិរញ្ញប្បទានការពារព្រៃឈើ សម្រាប់សកម្មភាពអាកាសធាតុ ជាពិសេសការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក្នុងឱកាសបើក ដោយបានបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ព្រៃឈើ គឺជាវិស័យសំខាន់ ដែលត្រូវការពារនិងអភិរក្ស សម្រាប់ចូលរួមក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC3.0)។

៤-អង្គការ UNDP រួមជាមួយអង្គការដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តជាច្រើន បានគាំទ្រនិងការស្វែងរកសកម្មភាពអាទិភាព សម្រាប់អនុវត្ត ផែនការរួមចំណែកជាតិ NDC3.0 ក្នុងវិស័យទាំងប្រាំ រួមមាន ថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់ និងការចូលរួមយ៉ាងសកម្ម ដើម្បីទាញយកថវិកានៅក្រោមយន្តការ FCLP ដើម្បីការអភិរក្ស និងកិច្ចការពារព្រៃឈើ ក្នុងគោលបំណងបង្កើនអាងស្តុកកាបូនព្រៃឈើ និងឈានទៅរកប្រទេស មានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាកាសធាតុឆ្នាំ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយអង្គការសហប្រជាជាតិ បានប្រារព្ធឡើងពេញ១សប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋរាជរដ្ឋាភិបាល និងរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំ ជាង១០០ប្រទេស៕

To Top