ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើក្រុមអ្នកសង្កេតការណ៍ IOT ធ្វើកោលសល្យវិច្ច័យគ្រាប់ ក្រោយថៃចោទថា កម្ពុជា ជាអ្នកបាញ់មុន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្តល់យោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើកោលសល្យវិច្ច័យគ្រាប់ បន្ទាប់ភាគីថៃ បានធ្វើការចោទប្រកាន់ថា ទាហានកម្ពុជារំលោភបទឈប់បាញ់

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ខ្ញុំ បានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត»។

សម្ដេចតេជោ បន្ដថា ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។

ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន សម្តេចតេជោ ហ៊ុន សែន បានជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖

១. ធ្វើកោសល្យវិច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។

២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។

សម្ដេច សង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕

To Top