ក្រសួងការពារជាតិ ៖ ស្ថានភាពព្រំដែន មានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីយោធាថៃបានបញ្ឈប់ការបាញ់កាំភ្លើងមកលើទីតាំងឈរជើងកម្ពុជា បង្កឱ្យខូចខាតសំណង់មួយចំនួន

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា ការវិវត្តន៍នៃស្ថានការណ៍នៅជួរមុខ មានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃ បានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា និងបានបង្កឱ្យខូចខាតសំណង់មួយចំនួន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី២៧ កញ្ញា នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក៖
- លើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី
- លើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី
នៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជា មិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។ កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចៃយ៉ា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម និងការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលរហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានរយៈពេល ៦០ថ្ងៃហើយ។
ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា «ការវិវត្តន៍នៃស្ថានការណ៍នៅជួរមុខ ចាប់តាំងពីម៉ោង ១២:៤៦ នាទីរសៀល មកដល់ម៉ោង ១៨:៣០នាទីនេះ តាមការផ្តល់ស្ថានភាពមានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃ បានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា និងបានបង្កឱ្យខូចខាតសំណង់មួយចំនួន។ ជាមួយគ្នានេះ កងកម្លាំងរបស់យើងបាននឹងបន្តតាមដានសភាពការណ៍ ដោយប្រុងប្រយ័ត្នលើការវិវត្តន៍នេះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន»។
កងកម្លាំងរបស់កម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា ដោយស្មារតីស្ថាបនា និងស្មោះត្រង់៕
