លោក Trump បញ្ជាក់ហើយថាកិច្ចព្រមព្រៀង សម្រាប់តំបន់ហ្គាហ្សា ជិតរួចរាល់ហើយ

បរទេស ៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាជិតមកដល់ហើយ ប៉ុន្តែដោយមិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមនៅឡើយ។
ការអះអាងរបស់គាត់បានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថាគាត់នឹង បញ្ចប់ការងារ ដែលនៅសេសសល់នៃប្រតិបត្តិការលុបបំបាត់ក្រុមហាម៉ាសនៅក្នុងទឹកដីហ្គាហ្សា។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃសុក្រថា ៖ខ្ញុំគិតថាយើងប្រហែលជាមានកិច្ចព្រមព្រៀងមួយនៅហ្គាហ្សា វាទំនងជានឹងក្លាយទៅជាកិច្ចព្រមព្រៀងជាផ្លូវការមួយ ។
គេដឹងថាលោកTrump និង លោកNetanyahu គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុង Washington នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។
លោក Trump បានបន្ថែមថា៖ខ្ញុំគិតថា វាគឺជាកិច្ចព្រមព្រៀងមួយ ដែលនឹងទទួលបានចំណាប់ខ្មាំងមកវិញ។ វានឹងក្លាយទៅជាកិច្ចព្រមព្រៀងដែលនឹងបញ្ចប់សង្រ្គាមផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
