ប្រមុខការទូតកម្ពុជា ៖ បញ្ហាព្រួយបារម្ភបំផុតនោះ ការបណ្តេញប្រជាជនកម្ពុជា រាប់រយគ្រួសារ ចេញពីភូមិដ្ឋាន ដែលពួកគេ បានអាស្រ័យផល អស់រាប់ទសវត្សមកហើយ

ភ្នំពេញ ៖ លោកឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាប់មេដឹកនាំក្នុងកិច្ចប្រជុំមហាសន្និបាត UN ថា បញ្ហាព្រួយបារម្ភបំផុតនោះ គឺការបណ្តេញពលរដ្ឋកម្ពុជា ដោយបង្ខំ ការគំរាមកំហែងប្រើច្បាប់ជាតិ (ច្បាប់អាជ្ញាសឹក) ប្រឆាំងនឹងពលរដ្ឋខ្មែរ និងការបណ្តេញប្រជាជនកម្ពុជា រាប់រយគ្រួសារទៀតចេញពីភូមិដ្ឋាន ដែលពួកគេបានរស់នៅអាស្រ័យផល អស់រាប់ទសវត្សមកហើយ។
ការបញ្ជាក់បែបនេះ របស់ លោកឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (UN) ក្រោមមូលបទ «រួមគា្នដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ។
លោកឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្ដថា កម្ពុជា អរគុណណាស់ចំពោះបទឈប់បាញ់ តាមយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ដែលបញ្ឈប់បាន ដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជន ស្លូតត្រង់បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ក្លាយជាជនភៀសសឹក។
លោកឧនាយករដ្ឋមន្ត្រី បន្ដថា ទោះជាយ៉ាងនេះក្តី បទឈប់បាញ់នៅមានភាពផុយស្រួយ ទោះបីជាមានការប្តេជ្ញាចិត្ត ពីប្រទេសទាំង ពីរក្នុងការអនុវត្ត តាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ ដើម្បីកសាងទំនុកចិត្ត និងស្តារ ស្ថានភាពដូចដើមឡើងវិញក៏ដោយ។ ជាការសំខាន់បំផុត ដែលការគោរពលើពាក្យពេចន៍ និងស្មារតីនៃកិច្ច ព្រមព្រៀង ត្រូវតែស្របគ្នាជាមួយនឹងការអនុវត្តជាក់ស្តែង ។
គួរឱ្យសោកស្តាយ ការបន្តសកម្មភាពឯកតោភាគី ដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា ដោយប្រើកងកម្លាំងជំនួសឱ្យយន្តការ ដែលបានព្រមព្រៀងគ្នា ផែនទីឯកតោភាគីជំនួស ឱ្យផែនទី ដែលមានការទទួលស្គាល់ជាអន្តរជាតិ ស្របតាមសន្ធិសញ្ញា ដែលបានចងជាកាតព្វកិច្ច សម្រាប់ប្រទេសទាំងពីរ និងសកម្មភាពរាប់មិនអស់ ដែលបំផ្លាញដល់កិច្ច ខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងសន្តិភាព។
លោកឧនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «បញ្ហាព្រួយបារម្ភបំផុតនោះ គឺការបណ្តេញពលរដ្ឋកម្ពុជាដោយបង្ខំ ការគំរាមកំហែងប្រើច្បាប់ជាតិ (ច្បាប់អាជ្ញាសឹក) ប្រឆាំងនឹងពលរដ្ឋខ្មែរ និងការបណ្តេញប្រជាជនកម្ពុជា រាប់រយគ្រួសារទៀតចេញពីភូមិដ្ឋាន ដែលពួកគេបានរស់នៅ អាស្រ័យផលអស់រាប់ទសវត្សមកហើយ ។ ការចូលកាន់កាប់ទឹកដី នៅលើតំបន់ដែល មិនទាន់ត្រូវបានខណ្ឌសីមាព្រំដែន បង្ហាញឱ្យឃើញយ៉ាង ជាក់ច្បាស់ពីការមិនគោរព ចំពោះលក្ខខណ្ឌ នៃបទ ឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងទាំងសងខាងផ្សេងៗទៀត ពាក់ព័ន្ធការដោះស្រាយ បញ្ហាព្រំដែនផងដែរ» ។
លោកឧនាយករដ្ឋមន្ត្រី បន្ថែមថា ទង្វើខាងលើនេះ បានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាមួយគ្នានេះ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាច្រើនក៏ត្រូវបានបំពាន ។ កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈ និងតម្លាភាពពេញលេញក្នុង ការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ និងរក្សាភាពអត់ធ្មត់ជាទីបំផុត ចំពោះមុខការបង្ករឿង និងការរំលោភ បំពានម្តងហើយម្តងទៀត ៕
