បណ្ឌិត កៅ ថាច និងសហការីអញ្ជើញចូលរួម សំណេះសំណាល និងសួរសុខទុក្ខ ជាមួយប្រជាកសិករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ស្រុកខ្សាច់កណ្ដាល ខេត្កកណ្ដាល ៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ ជាមួយប្រជាកសិករ ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតា ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ការិយាល័យសិកម្មធនធានធម្មជាតិ និងបរិស្ថាន ប្រធានក្រុមប្រឹក្សាឃុំទាំង១២ មន្ត្រីកសិកម្មឃុំ សរុបទាំងអស់ ចំនួន ៥០០នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៦២នាក់។

បណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះ ក្នុងនាមជាកូនកសិករម្នាក់ចេញមកពីតំបន់ជនបទរស់នៅឯជាយដែន ពិតជាមានមោទនភាពលើវិស័យកសិកម្ម ដែលជាមុខរបរស្នូលមួយបានចិញ្ចឹមប្រជាជនរាប់លាននាក់រស់នៅប្រកបដោយមោទនភាព ភាពសុខស្រួលនិងសេចក្តីថ្លៃថ្នូរ ដែលមរតកនេះមានតាំងពីដូនតាយើងមកគឺ ដោយសារតែ កសិករតែម្តង។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានមានប្រសាសន៍ថា ការបង្កើតបណ្ដាញកសិករតេជោនេះឡើងកើតចេញពីការស្រឡាញ់ ពេញចិត្តលើការងារកសិកម្ម និងយល់ច្បាស់ពីគុណតម្លៃរបស់កសិករ ដែលបានជួយដល់ជីវភាពប្រជាជនយើង កិច្ចការនេះហើយទើប បន្តធ្វើការងាររហូតដល់សព្វថ្ងៃជាមួយនឹងមោទនភាពជាតិ ពីព្រោះថា កសិករជាជាបេះដូងរបស់ប្រទេសជាតិយើង ជាពិសេសនោះទៀតគឺ បឹងទន្លេសាបយើង ដែលផ្តល់អាហារដ៏សំខាន់ដល់ជាតិខ្មែរទាំងមូលផងដែរ។
ក្នុងឱកាសនោះ បណ្ឌិតប្រតិភូបានពន្យល់ដល់កសិករទៀតថា រឿងកសិកម្ម តម្លៃស្រូវ ដែលបញ្ហានេះមិនមែនជួបតែកម្ពុជាយើងនោះទេ តាមការអង្កេតតម្លៃទីផ្សារអង្ករអន្តរជាតិបានទាញតម្លៃស្រូវយើងធ្លាក់ចុះដែរ ពោលកាលឆ្នាំមុន ស្រូវតម្លៃល្អ ដោយសារការស្តុកអង្ករពិភពលោកសល់ច្រើន ជាពិសេស ប្រទេសធំៗរួមមាន ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ដែលធ្វើឱ្យការប្រើប្រាស់មានការថយចុះ ប៉ុន្តែឆ្នាំនេះតម្រូវការទីផ្សារអន្តរជាតិត្រូវបានកាត់បន្ថយច្រើន ដូចជានៅប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ដែលធ្លាប់ទិញពីប្រទេសជិតខាងយើងជាដើម។

បន្ទាប់ពីបានស្តាប់មតិលើកឡើងរបស់កសិករមកពីតាម បណ្តាឃុំក្នុងស្រុកខ្សាច់កណ្តាលជុំវិញបទពិសោធន៍ ផលិតស្រូវរួចមក បណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍ថា ការធ្វើកសិកម្ម និងដាំដុះដំណាំគ្រប់ប្រភេទក៏ដោយ គឺត្រូវរកឱ្យឃើញតម្លៃផលិតកម្មសរុប ជាមួយនឹងការចំណាយផ្សេងៗ ទើបរកផលចំណេញបាន។ ជាក់ស្តែង ការចងក្រងបណ្តាញកសិករ អ្នកផលិតក្នុងស្រុកខ្សាច់កណ្តាញឱ្យបានច្រើនជារឿងសំខាន់ សម្រាប់ផ្គត់ផ្គង់ឱ្យជាជាប់ជាប្រចាំលើទីផ្សារប្រកបដោយគុណភាព តម្លៃសមរម្យ កាត់បន្ថយថ្លៃដើមផលិត និងអាចប្រកួតប្រជែងបាន។

ជាមួយគ្នានោះ បណ្ឌិតប្រតិភូបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ព្រោះបានផ្តល់ឱកាសច្រើន ក្នុងនោះដើម្បីជាខែល និងជាស្ពានឱ្យបបងប្អូនដើរឬក៏ភ្ជាប់នឹងឱកាសក្នុងការទទួលបានបច្ចេកទេស និងទីផ្សារបន្ថែមទៀត។
សូមជម្រាបថា សមាគមបណ្តាញកសិករតេជោ (Techo Farmers Network Association)
ជាស្ថាប័នមិនមែនរដ្ឋាភិបាលមួយមិនស្វែងរកប្រាក់ចំណេញដែលផ្តួចផ្តើមបង្កើត ដោយឯកឧត្តមបណ្ឌិត កៅ ថាច ក្រោមការគាំទ្ររបស់អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលបានការឯកភាព និងគាំទ្របង្កើតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

សមាគមបណ្តាញកសិករតេជោ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ការបង្កើនផលិតភាព ការធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់នូវសេវាបច្ចេកទេស ការផ្សព្វផ្សាយ និងការស្វែងរកទីផ្សារផលិតផលកសិកម្ម។
