សម្ដេចតេជោ ៖ យើងនឹងរៀបចំ សមាគមអតីតយុទ្ធជន និងនិវត្តជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា សម្ដេច នឹងរៀបចំសមាគមអតីតយុទ្ធជន និងនិវត្តជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ ព្រោះពួកគាត់បានបំពេញ ការងារជាច្រើនមុនចូលនិវត្ត ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជាអធិបតី ក្នុងមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីត យុទ្ធជនកម្ពុជាទូទាំងប្រទេស នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
សម្តេចតេជោ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជន និងបានដាក់ចេញ នូវគោលនយោបាយនានា ដើម្បីគុណប្រយោជន៍ របស់អតីតយុទ្ធជន ការកែលម្អជីវភាពអតីតយុទ្ធជន និងក្រុមគ្រួសារសព អតីតយុទ្ធជន ។
សម្តេចតេជោ បន្ដថា អតីតយុទ្ធជន និងនិវត្តជន បានដាក់ក្នុងក្រោមដំបូលសមាគមតែមួយ គឺពិតជាល្អខ្លាំងណាស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា «តាមស្ថាប័ននានា មិនទាន់ធ្លាប់មាន សមាគមអតីតយុទ្ធជន យើងនឹងរៀបចំសមាគមអតីតយុទ្ធជន និងនិវត្តជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយពីយើង នៅពេលដែលគាត់ប្រឹងប្រែងការងារ»។
សម្តេច ប្រមុខរដ្ឋស្តីទី បន្ថែមថា នេះជាការបញ្ជូនសារមួយយ៉ាង ជាក់លាក់ទៅនិវត្តជនទាំងអស់ ឲ្យបានឃើញអំពីការ ដែលខ្លួននឹងត្រូវក្លាយជាសមាជិក អតីតយុទ្ធជន និងនិវត្តជន នាពេលខាងមុខនេះ៕
