ព័ត៌មានជាតិ

លោក វី សំណាង អភិបាលខេត្ត បានដឹកនាំគណ:ប្រតិភូ រដ្ឋបាលខេត្ត ចុះសិក្សាស្វែងយល់ អំពីសង្វាក់ផលិតកម្ម ផលិតទឹកដោះគោស្រស់

ខេត្តតាកែវ ៖ លោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ បានដឹកនាំគណ:ប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះសិក្សាស្វែងយល់អំពីសង្វាក់ផលិតកម្ម ផលិតទឹកដោះគោស្រស់ ១០០% ដែលមានសញ្ញាសម្គាល់ ( គីរីសួគ៌ ) របស់ក្រុមហ៊ុន Khmer Fresh Milk Co.Ltd. ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ។

បើតាមការបញ្ជាក់ពី លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន បានឲ្យដឹងថា បច្ចុប្បន្នកសិដ្ឋាន គីរីសួគ៌ មានសមត្ថភាព ផលិតទឹកដោះគោស្រស់ បានចន្លោះពី ១២០០០លីត្រ ទៅ ១៥០០០លីត្រ ក្នុងមួយថ្ងៃ ដែលផ្គត់ផ្គង់បានប្រមាណ ២០% នៃចំណែកទីផ្សារនៅកម្ពុជា ។

ក្នុងឱកាសនោះដែរ លោក វី សំណាង អភិបាលខេត្ត បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះ ក្រុមហ៊ុន Khmer Fresh Milk ដែលប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ក្នុងការចិញ្ចឹមគោ និងផលិតទឹកដោះគោស្រស់ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ ហើយជាស្នាដៃកូនខ្មែរពិតៗ ។
ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភពនិងរូបភាព : រដ្ឋបាលខេត្តតាកែវ

To Top