សម្ដេចតេជោ ណែនាំឲ្យផ្ទៀងផ្ទាត់ បញ្ជីឈ្មោះអតីតយុទ្ធជន និងគ្រួសារជនពលីមរណៈ របស់ក្រសួងនីមួយៗ បានពិតប្រាកដ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឲ្យពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និង គ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗ ឲ្យបានពិតប្រាកដ មុននឹងផ្ទេរមក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា គ្រប់គ្រងបន្ត។
នាឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តពង្រឹងការ បើកផ្តល់ប្រាក់ របបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិល ឱ្យបានទាន់ពេលវេលា និង ទៀងទាត់ តាមការកំណត់របស់រាជរដ្ឋាភិបាល ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និង គ្រួសារជនពលីមរណៈ របស់ក្រសួងនីមួយៗឱ្យបានពិតប្រាកដ មុននឹងផ្ទេរមកក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា គ្រប់គ្រងបន្ត»។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដី បន្តជំរុញការ អនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូនអតីតយុទ្ធជន និង គ្រួសារ ព្រមទាំងបន្តប្រមូល និង គ្រប់គ្រងទិន្នន័យអំពីស្ថានភាព ជីវភាពរស់នៅជាក់ស្តែង របស់អតីតយុទ្ធជន និង គ្រួសារដែលក្រីក្រលំបាក ដើម្បីបង្កលក្ខណៈឱ្យគ្រួសារទាំងនោះ ទទួលបាននូវការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈរយៈពេលខ្លី មធ្យម និង វែង ការផ្តល់អាហារូបករណ៍ ដល់កូនរបស់អតីតយុទ្ធជន ការផ្តល់ឥណទានខ្នាតតូច ការផ្តល់ជំនួយសង្គ្រោះ បន្ទាន់សម្រាប់ ជួយសម្រួល និង កែលម្អ ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និង គ្រួសារ ៕
