ADB និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដាក់ដំណើរការ ការលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល សម្រាប់ MSME នៅកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានសហការរៀបចំសិក្ខាសាលា រយៈពេលពីរថ្ងៃ នៅថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ នូវគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។

គំនិតផ្តួចផ្តើមលើក កម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Adoption Initiative) នឹងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា រាប់រយឱ្យប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ចន្លោះពីពេលនេះដល់ឆ្នាំ ២០២៨ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង និងផលិតភាព របស់សហគ្រាសទាំងនោះ។
កម្មវិធីនេះ នឹងរួមមានវិធានការ ដែលចែកជាដំណាក់កាល និងផ្តោតលើវិស័យឧស្សាហកម្មអាទិភាពមួយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពី វិស័យទេសចរណ៍ ។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ស្របតាមក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
សិក្ខាសាលាដាក់ឱ្យប្រើប្រាស់គំនិតផ្តួចផ្តើមនេះ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដែលពាក់ព័ន្ធ ដើម្បីកំណត់សុពលភាព នៃផែនទីបង្ហាញផ្លូវ សម្រាប់គំនិតផ្តួចផ្តើម លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ជាក់ ពីការរៀបចំដំណើរការអនុវត្តន៍នានា។

នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានថ្លែងថា «គំនិតផ្តួចផ្តើមលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងគាំទ្រ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការដាក់បញ្ចូលដំណោះស្រាយឌីជីថលទៅ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន ដើម្បីឱ្យសហគ្រាសទាំង នោះកាន់ តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ភាពធន់ និងការត្រៀមខ្លួន សម្រាប់អនាគត។ ក្នុងកិច្ចសហការយ៉ាង ជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ និង សមាគមឧស្សាហកម្មជាច្រើន យើងមានគោលបំណងធានាថា សហគ្រាសកម្ពុជា អាចរីកចម្រើននៅក្នុង សេដ្ឋកិច្ចឌីជីថល»។
លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានថ្លែងថា «គំនិតផ្តួចផ្តើមនេះ នឹងផ្តល់ឱ្យហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា នូវឧបករណ៍អនុវត្តជាក់ស្តែង ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ។ ដោយផ្តោតលើវិស័យសំខាន់ៗ យើងអាចតម្រង់ទិស ការប្រើប្រាស់ធនធាន ទៅរកផ្នែកទាំងឡាយនៃសេដ្ឋកិច្ច ដែលដំណោះស្រាយឌីជីថល នឹងផ្តល់ផលជះធំធេងលើ សមត្ថភាពប្រកួតប្រជែង ការបង្កើតការងារ និងសហគ្រិនភាពរបស់ស្ត្រី»៕
