ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាល បានថ្លែងថា ពង្រាយកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រមាណជាជិត២ម៉ឺននាក់ដើម្បី ដាក់ពង្រាយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ នាថ្ងៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ៦ វិច្ឆិកា ថា “បានត្រៀមកងកម្លាំង ប្រមាណជិត២ម៉ឺននាក់ ដោយមានគោលដៅចំនួនជាង២០០ចំណុច ។ ត្រៀមចំណុចខ្ពស់ចាប់ពីពេលនេះតទៅ” ។
ចំពោះដំណើរមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី លោកថា បានត្រៀមគ្រប់ច្រកល្ហក់អស់ហើយ ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយឲ្យតែឃើញវត្តមាន អតីតមេបក្សប្រឆាំងនេះ គឺចាប់ខ្លួនតែម្តង។
លោកបញ្ជាក់ថា “ចំពោះការត្រៀមស្វាគមន៍ សម រង្ស៊ីមក គឺបានពង្រាយកម្លាំង គ្រប់ច្រកទាំងលើគោក ទឹក និងអាកាសរួចរាល់ហើយ”៕