រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងាររយៈពេល ៩ខែ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ រយៈពេល ៩ខែ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ៩ខែ តាមរយៈការអនុវត្តកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង ដោយសម្រេចបានវឌ្ឍនភាពជារួមក្នុង ៨១,៥១% ព្រមទាំងការលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាពខ្ពស់។

បន្ទាប់មក អង្គប្រជុំបានធ្វើការពិភាក្សា ផ្ដល់មតិយោបល់ និងធាតុចូលបន្ថែមទៀត ដើម្បីឱ្យរបាយការណ៍មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយផែនការ ដែលបានដាក់ចេញមានលក្ខណៈច្បាស់លាស់ និងងាយអនុវត្តសម្រេចបានជោគជ័យ ។

តាមរយៈរបាយការណ៍ដែលសម្រេចបាន លោក ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់ លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផល គួរជាទីមោទនៈស្របតាមផែនការ ដែលបានគ្រោងទុក។

លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលបាននិងកំពុងកើតមានជាបន្ដបន្ទាប់ទាំងអស់នេះ គឺដោយសារកត្តាប្រទេសជាតិមានសុខសន្ដិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកប ដោយបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំបន្ដវេនប្រកបដោយថាមវន្ដរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះទៀត សមិទ្ធផលទាំងនេះ កំពុងចូលរួមចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យសម្រេច បាននូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យបន្ដយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាព ស្របតាមកម្មវិធីអាទិភាពទាំង ៥របស់ក្រសួង ឱ្យបានសម្រេចសមិទ្ធផលកាន់តែច្រើនបន្ថែមទៀត៕
