ព័ត៌មានជាតិ

អភិបាលខេត្តកំពត អំពាវនាវឱ្យគ្រប់ភាគី ចូលរួមបង្កើនសោភ័ណភាព បរិស្ថានក្នុងខេត្ត ដើម្បីរក្សាកំណើនទេសចរ

កំពត ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារ សំអាតអនាម័យបរិស្ថានប្រចាំនព្វមាស ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់នៅទូទាំងខេត្ត នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ស្ថាប័នរដ្ឋ និងឯកជន រួមទាំងប្រជាពលរដ្ឋទាំងអស់ ចូលរួមយកចិត្តទុកដាក់ លើការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ចូលរួមសម្អាតបរិស្ថាន ជាបន្តបន្ទាប់ និងបង្កើនបរិស្ថានបៃតង ដែលវាជាគន្លឹះសំខាន់ក្នុងការរក្សាក្រុងកំពតឱ្យជាទីក្រុងស្អាត រំដួល៣ទង និងជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

លោក អភិបាលខេត្ត បន្ដថា កំពត ជាខេត្តទេសចរណ៍កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរចន្លោះពី ៣៥,០០០ ទៅ ជាង ៤ម៉ឹននាក់ ក្នុងមួយសប្តាហ៍។ កត្តាអនាម័យបរិស្ថាន សោភ័ណភាព ទេសភាព និងបរិយាកាស គឺជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងរក្សាបាននូវកំណើនភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្ត។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានធ្វើរបាយការណ៍លទ្ធផលការងារប្រចាំនព្វមាស ដោយបង្ហាញពីកិច្ចខិតខំរបស់អាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងភាគីពាក់ព័ន្ធក្នុងការជំរុញយុទ្ធនាការសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលល្អ។

លោក ប្រធានមន្ទីរ បានបន្តថា ការសម្អាតអនាម័យបរិស្ថាន គឺជាកិច្ចការទូទៅមិនអាចខ្វះបានទេ ហើយបច្ចុច្បន្នយើង បាននិងកំពុងបន្តអនុវត្តន៍ យុទ្ធនាការទាំងបីរបស់ក្រសួង ដែលក្នុងនោះរួមមាន យុទ្ធនាការថ្ងៃនេះថ្ងៃស្អែក ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការដងផ្លូវជាតិស្អាត ។
លោក ប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនឹងធ្វើឱ្យខេត្តកំពតកាន់តែមានសោភ័ណភាព និងមានទាក់ទាញភ្ញៀវទេសចរជាងមុន ៕

To Top