ព័ត៌មានជាតិ

ជនជាតិដើមភាគតិច​ កាប់ក្របី ជ្រូក មាន់ វាយគង វាយឃ្មោះ សែនបួងសួង សូមបារមី ជួយបីបាច់ ការពារវិរៈកងទ័ពនៅសមរភូមិ

មណ្ឌលគិរីៈ គ្រឿងដង្វាយក្របី ជ្រូក មាន់ បាយស បាយក្រហម ស្រាពាង ស្រាស អង្ករ បន្ទរដោយការវាយគង ឃ្មោះ តាមបែបប្រពៃណីជនជាតិដើម ភាគតិចព្នង ត្រូវបានរៀបចំឡើង លើកំពូលភ្នំដោះក្រមុំ ដើម្បីបួងសួង សូមសេចក្តីសុខ និងឧទ្ទិសផលបុណ្យ ជូនវិញ្ញាណក្ខន្ធវិរៈកងទ័ពកម្ពុជាដែលពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ពិធីនេះដឹកនាំដោយលោកណយ ស្រូន ទីប្រឹក្សាសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល ផ្នែកជនជាតិដើមភាគតិច រួមទាំងប្រជាពលរដ្ឋ រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី៣០ខែកញ្ញានេះ ។

លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលបានចូលរួមក្នុងពិធីបានលើកឡើងថា ពិធីនេះមានការ ថ្វាយ ជាគ្រឿងសក្ការៈបូជាផ្សេងៗ មានដូចជា ក្របី ជ្រូក មាន់ បាយស បាយក្រហម ស្រាពាង ស្រាស អង្ករ និងមានការវាយគង វាយឃ្មោះ ទៅតាមប្រពៃណី ទំនៀមទំលាប់ពីដូនតា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសូមឱ្យវត្ថុស័ក្តិសិទ្ធ ក្នុងប្រទេសកម្ពុជា ជួយតាមបីបាច់ថែរក្សា ការពារ វីរៈកងទ័ពជួរមុខរបស់យើងទាំងអស់គ្នា និងសូមឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top