កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៣កម្ពុជា និងកងបញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត គ្រោងនឹងធ្វើក្នុងអំឡុងខែតុលា

ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនព័ត៌មាន ដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុង ខែតុលាខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី៣០ កញ្ញា នេះ ថា យោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយ ទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់ រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ ៕
