នយោបាយ

នាយករដ្ឋមន្ដ្រីកម្ពុជា ឲ្យអគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន បង្កើនកិច្ចសហការ ឆ្លើយតបទាន់ពេលវេលា អំពើជួញដូរមនុស្ស

ភ្នំពេញ ៖ នៅចំពោះមុខ មន្ដ្រីជាន់ខ្ពស់ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវឲ្យពួកគាត់ និងស្ថាប័នពាក់ព័ន្ធបង្កើន កិច្ចសហប្រតិបត្តិការ ឲ្យបានទូលំទូលាយ ដើម្បីអាចឆ្លើយតបទាន់ ពេលវេលាអំពើជួញដូរមនុស្ស ។

ក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន លើកទី១២ ក្រោមប្រធានបទ តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ បានថ្លែងថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាបញ្ហាសកល និងជាបទល្មើឆ្លងដែនខុសច្បាប់។

សម្ដេចបន្ដថា អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធ ជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ជាពិសេសប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតបនិងដោះស្រាយឲ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សម្ដេចបន្ថែមថា អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា អំពើជួញដូរមនុស្ស តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងការយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងមក។

សម្ដេចមានប្រសាសន៍ថា “អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបន្ដ និងបង្កើនកិច្ចសហការឲ្យបានទូលំទូលាយ បង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់ធនធាន សម្រាប់ប្រតិបត្តិការជាប្រព័ន្ធ ដើម្បីអាចឆ្លើយតបបញ្ហាបានទាន់ ពេលវេលាស្តីពី អំពើជួញដូវមនុស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់”។

បន្ថែមពីនេះនាយករដ្ឋមន្ដ្រីកម្ពុជា លើកឡើងថា អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកំណត់ត្រា និងចងក្រងរបាយការណ៍ជាមួយភស្តុតាងជាក់ស្តែង ដើម្បីបង្ហាញអំពីកិច្ច ខិតខំប្រឹងប្រែងរួមគ្នា ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ច ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់និងសកលលោក។

នាយករដ្ឋមន្ដ្រីបញ្ជាក់ថា ការរីកចម្រើនទីផ្សារការងារក្នុងពិភពលោក ក៏ដូចជាបញ្ហាប្រទេសអាស៊ាន បានជំរុញឲ្យប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ទទួលបាននូវកំណើនសេដ្ឋកិច្ច ពាណិជកម្ម និងការវិនិយោគក្នុងកម្រិតមួយ គួរឲ្យកត់សម្គាល់ និងបានបង្កើតឲ្យមានទីផ្សារការងារយ៉ាងច្រើនសន្ធឹកសន្ធាប់។

នាយករដ្ឋមន្ដ្រីអះអាងថា ការកេងប្រវ័ញ្ចគ្រប់រូបភាពពីស្ថានភាព ស្វែងរកការងារក្នុងស្រុក និងការធ្វើចំណាកស្រុកធ្វើឲ្យឧក្រិដ្ឋជនឆ្លៀត ឱកាសបង្កើតឲ្យមានអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្ម ជួញដូរផ្លូវភេទ ជួញដូរទារក-កុមារ និងការជួញដូរសេរីរាង្គមនុស្ស ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរចាំបាច់ តម្រូវឲ្យប្រទេស សមាជិកអាស៊ាន និងចិនផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងត្រូវរួមគ្នាទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា អំពើជួញដូរមនុស្សនៅកម្ពុជាបច្ចុប្បន្ន ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ ពេលវេលាតាមរយៈការពង្រឹងច្បាប់ ការអនុវត្តគោលនយោបាយបង្ការ ទប់ស្កាត់ និងការពារជនរងគ្រោះ ជាមួយការអនុវត្តច្បាប់ព្រហ្ម ទណ្ឌយ៉ាងខ្ជាប់ខ្ជួន ៕ ដោយ អេង ប៊ូឆេង

To Top