ក្រសួងសាធារណការ ៖ ស្ថានភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥៥ មានសភាពធម្មតា ទោះបីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ថានភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥៥ មានសភាពធម្មតា ទោះបីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ ប្រវែង ៥០ម៉ែត្រ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោក ផន រឹម អ្នកនាំពាក្យ បានជម្រាបជូនសាធារណជនមេត្តាជ្រាបថា «ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅPK 152+850- PK 152+900 ប្រវែង៥០ម៉ែត្រ ទទឹងជាង១ម៉ែត្រ (នៅសល់ជាង១ម៉ែត្រទៀតដល់ចិញ្ចើមផ្លូវ) និងហូរបាក់ដីគ្រប់លើលូតាមបណ្តោយផ្លូវថ្នល់»។

អ្នកនាំពាក្យ បន្ដថា ក្រុមការងារនាយកដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកាយរើ ដុំថ្ម ធ្លាក់ បិទប្រពន្ធបណ្តាញលូបណ្តោយថ្នល់ ដាក់ផ្លាកសញ្ញាផ្តល់ព័ត៌មានដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន។


អ្នកនាំពាក្យ គូសបញ្ជាក់ថា «ស្ថានភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥៥ មានសភាពធម្មតា៕
