រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិន ស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួប លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន China Water Resources Beifang Investigation Design & Research Co., Ltd ក្នុងជំនួបពិភាក្សាការងារ ស្តីពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។

ដោយមានការចូលរួមពី លោក-លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។

ជំនួបនេះ មានគោលបំណងណែនាំក្រុមការងារបច្ចេកទេសមកពីធារណរដ្ឋប្រជាមានិតចិន ដែលនឹងធ្វើការសិក្សាលម្អិតអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹកនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។

ក្នុងនោះក្រុមការងារ នឹងចុះពិនិត្យទីតាំងភូមិសាស្ត្រផ្ទាល់ និងប្រមូលទិន្នន័យសំខាន់ៗដែលពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាជួបប្រជុំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ៕


