ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ស្នើក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បង្កើនចំនួនជើងហោះហើរត្រង់​ ពីកូឡាឡាំពួ មកភ្នំពេញបន្ថែម

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើក្រុមហ៊ុន អាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុន អាកាសចរណ៍ផ្សេងទៀតដូចជា Firefly ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងសម្ព័ន្ធអាកាស ចរណ៍ម៉ាឡេស៊ី បង្កើនចំនួនជើងហោះហើរត្រង់ពី កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មកភ្នំពេញ និង បង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាឡាកា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។

ជាមួយនឹងការថ្លែងអំណរ គុណ ចំពោះក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានចូលរួមជំរុញ កំណើនភ្ញៀវទេសចរមកកម្ពុជា ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន នាពេលកន្លងមក, លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្លែផ្កានេះ កើតចេញមកពីកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធ រវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដោយរាប់តាំង ពីប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ, ចំណងការទូត ដែលមានរយៈពេលជាង៦៨ឆ្នាំ និងជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ជាមួយនឹងសម្បទាត ភ្ជាប់គ្រប់គ្រាន់របស់កម្ពុជា មានដូចជា អាកាសយានដ្ឋានអន្តរជាតិ តេជោប្រភេទខ្នាត 4F, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, ទាំងអស់នេះគឺជាបច្ច័យវិជ្ជមាន ដែលចូលរួមជំរុញ កំណើនភ្ញៀវទេសច រវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ពីជុំវិញពិភពលោក ដែលធ្វើដំណើរតាមរយៈប្រទេសម៉ាឡេស៊ី មកទស្សនាកម្ពុជា។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងសម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី បង្កើនចំនួនជើងហោះហើរត្រង់ពី កូឡាឡាំពួ មកភ្នំពេញ និងបង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នឹងជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជារួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី និងអន្តរជាតិមកកម្ពុជា ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មានជើងហោះហើរត្រង់ទៅមក ភ្នំពេញ-កូឡាឡាំពួរ ចំនួន ៤ជើង ជារៀងរាល់ថ្ងៃ ។ ជាសមាជិករបស់ Oneworld Alliance ក្រុមហ៊ុនអាកាសចរណ៍នេះ មានជើងហោះហើរ ទៅគោលដៅជាង៩០០ ក្នុងតំបន់/ទីក្រុងចំនួន ១៧០ នៅទូទាំងពិភពលោក។ សូមបញ្ជាក់ជូនបន្ថែមទៀតថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines, សម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី ក៏មានក្រុមហ៊ុនអាកាសចរណ៍ Firefly ផងដែរ ដែលធ្វើប្រតិបត្តិការហោះហើរនៅក្នុងស្រុក និងនៅក្នុងតំបន់អាស៊ាន៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top