ព័ត៌មានជាតិ

កម្ពុជា មានគម្រោងដឹកជញ្ជូនផ្លូវដែក ៨គម្រោង គ្រោងចំណាយថវិកា ១០ពាន់លានដុល្លារ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា មានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន ៨គម្រោង គ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារអាម៉េរិក។

នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការ មេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន។

ក្នុងរបាយការណ៍នេះ បានបញ្ជាក់ទៀតថា «ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លង និងខ្សែរថភ្លើងថ្មី)។ គម្រោងដឹកជញ្ជូនផ្លូវដែកសរុបមានចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារ អាម៉េរិក ដែលក្នុងនោះ មានគម្រោងរយៈពេលខ្លី និងមធ្យមចំនួន ៤គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០លានដុល្លារអាម៉េរិក និងគម្រោងរយៈពេលវែងចំនួន ៤គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០លានដុល្លារអាម៉េរិក»។

គិតត្រឹមឆ្នាំ២០២៤ គម្រោង ផ្លូវដែកភាគច្រើន ស្ថិតក្នុងដំណាក់កាលសិក្សា ដោយគម្រោងលើកកម្រិត សមត្ថភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងការសិក្សា ដោយនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុន CRBC, និង ក្រុមហ៊ុន Royal Railway។

ដោយឡែកគម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់៖ (១) ភ្នំពេញ-អាកាស យានដ្ឋានអន្តរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប-អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ (ស្រុកសូទ្រនិគម ខេត្តសៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់ កាលសិក្សា ដោយសហការជាមួយ China Metro ៕

To Top