ប្រធានាធិបតីវេណេស៊ុយអេឡា ចុះហត្ថលេខាលើក្រឹត្យ ស្តីពីចលាចលខាងក្រៅ ចំពេលមានការគំរាមកំហែងពីបរទេស

ការ៉ាកាស ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពី “ស្ថានភាពនៃចលាចលខាងក្រៅ” ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលរដ្ឋាភិបាល បានពិពណ៌នាថា ជាការឈ្លានពានរបស់បរទេស នេះបើតាមអនុប្រធានាធិបតីលោកស្រី Delcy Rodriguez។
លោកស្រី Rodriguez បានប្រកាសក្នុងអំឡុង កិច្ចប្រជុំមួយ របស់ក្រុមប្រឹក្សាជាតិ សម្រាប់អធិបតេយ្យភាព និងសន្តិភាព នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
អនុប្រធានាធិបតីរូបនេះបានឧ្យដឹងថា ក្រឹត្យនេះមានគោលបំណង ការពារបូរណភាពទឹកដី អធិបតេយ្យភាព ឯករាជ្យភាព និងផលប្រយោជន៍ ជាយុទ្ធសាស្ត្រសំខាន់ៗរបស់ប្រទេស នៅពេលប្រឈមមុខនឹងការរំលោភបំពាន ឬឈ្លានពានណាមួយ ដែលកើតឡើងពីខាងក្រៅប្រឆាំងនឹងទឹកដីរបស់ប្រទេស។
លោកស្រីបានបន្ថែមថា ការបង្កើតកម្លាំងយោធារបស់សហរដ្ឋអាមេរិក នៅតំបន់ការាបៀននាពេលថ្មីៗនេះបានរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយបានបង្កការគំរាមកំហែង ដល់ប្រទេសវ៉េណេស៊ុយអេឡារួចហើយ។
លោកស្រីបានកត់សម្គាល់ថា ប្រសិនបើកងកម្លាំង យោធាអាមេរិកហ៊ានវាយប្រហារនោះ ក្រឹត្យនេះនឹងផ្តល់សិទ្ធិ អំណាចដល់ប្រធានាធិបតីភ្លាមៗក្នុងការប្រមូលផ្តុំកងកម្លាំងប្រដាប់អាវុធ និងធានាបាននូវការបន្តនៃសេវាកម្មសំខាន់ៗ។
លោកស្រី Rodriguez បានបន្ដថា រដ្ឋធម្មនុញ្ញ របស់វេណេស៊ុយអេឡា ហាមមិនឲ្យនរណាម្នាក់ក្នុង ឬក្រៅប្រទេស ពីការលើកកម្ពស់ គាំទ្រ ឬផ្តល់ភាពត្រឹមត្រូវ ដល់ការឈ្លានពានខាងយោធាប្រឆាំងនឹងវេណេស៊ុយអេឡា ដោយព្រមានថាអ្នកបំពាន នឹងត្រូវកាត់ទោសតាមច្បាប់ជាតិ៕
