មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំដងកាំបិត ស្រុកសណ្ដាន់

កំពង់ធំៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើង បណ្ដាលឱ្យរងផលប៉ះពាល់ដំណាំស្រូវ និងលិចផ្លូវលំក្រាលគ្រួសក្រហម នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ ឲ្យបានជាប់ជាប្រចាំ និងត្រៀមមធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីចាំបាច់ ។
ជាមួយនោះដែរ លោកក៏បានណែនាំដល់អាជ្ញាធរឃុំ ត្រូវធ្វើការហាមឃាត់ នូវរថយន្តដឹកជញ្ជូនធុនធ្ងន់ មិនឱ្យធ្វើការឆ្លងកាត់ផ្លូវលំក្រាលគ្រួសក្រហម ដែលកំពុងរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះឡើយ ចៀសវាងការខូចខាត និងការគ្រោះថ្នាក់ដោយប្រការណាមួយ ដែលអាចកើតមានឡើងក្នុងពេលឆ្លងកាត់ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដោយរកផលប៉ះពាល់ និងជំនន់ទឹកភ្លៀងនេះផងដែរ៕ដោយសំនៀង





