ក្រសួងការងារ និយោជក តំណាងកម្មករនិយោជិត និង ដៃគូអភិវឌ្ឍន៍ រួមគ្នាក្នុងការរកដំណោះ ស្រាយបញ្ហាប្រឈម ដើម្បីជំរុញការលើកកម្ពស់អាទិភាពជំនាញ និងផលិតភាពការងារនៅកម្ពុជា

ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី “អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា” នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ដែលរៀបចំដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស្ថាប័នពាក់ព័ន្ធ, តំណាងនិយោជក, តំណាងកម្មករនិយោជិត, អង្គការអន្តរជាតិខាងការងារ (ILO) ដៃគូអភិវឌ្ឍន៍ និងដៃគូសង្គមជាច្រើនទៀត។

សិក្ខាសាលានេះ ជាវេទិកា មួយផ្តល់ឱកាស សម្រាប់ការចូលរួមផ្តល់នូវមតិយោបល់ និងធាតុចូលក្នុងការ កំណត់នូវបញ្ហាគម្លាតជំនាញ និងតម្រូវការអាទិភាពជំនាញក្នុងវិស័យនានា ដើម្បីជាធាតុចូលក្នុងការកសាង គោលនយោបាយ និងការវិនិយោគ អភិវឌ្ឍន៍ជំនាញសម្រាប់អនាគត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានចាត់ទុកវេទិកានេះ ពិតជាមានសារ:សំខាន់ដើម្បីប្រមូលនូវធាតុចូល សម្រាប់ជាមូលដ្ឋានចូលរួមឆ្លើយតប ចំពោះកិច្ចខិតខំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវ: ក្នុងការជំរុញការអភិវឌ្ឍជំនាញ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ននិងនាពេលអនាគត ដើម្បីរក្សាភាពប្រកួតប្រជែង និង ការបន្តទាក់ទាញវិនិយោគ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជំរុញឱ្យវិស័យឯកជន ផ្តល់ឱកាសដល់សិស្ស និស្សិត ឬសិក្ខាកាម មានឱកាសហាត់ ការនៅតាមសហគ្រាស និងក្រុមហ៊ុននានា ដើម្បីពង្រឹង សមត្ថភាព ជំនាញ ព្រោះការហ្វឹកហាត់ជំនាញរបស់សិស្ស និស្សិត គឺជាការសំលៀងជំនាញ និងការផ្តល់បទ ពិសោធបានយ៉ាងល្អ ទៅកាន់សិក្ខាកាមឱ្យផ្សារភ្ជាប់ទ្រឹស្តី និង ការអនុវត្តជាក់ស្តែង ហើយបន្ថែមពីនេះ ក៏ជាឱកាស ដែលវិស័យឯកជន អាចជ្រើសរើសយកសិក្ខាកាម ដែលមានសមត្ថភាពខ្ពស់ បម្រើការងារឱ្យខ្លួនបានផងដែរ។

លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានគូសបញ្ជាក់ថា តាមរយ:ធាតុចូលនៃវេទិកានេះ CAMFEBA នឹងខិតខំរៀបចំកសាងនូវយុទ្ធសាស្រ្តរយ:ពេលមធ្យម ២០២៥-២០៣០ សម្រាប់ជំរុញការអភិវឌ្ឍជំនាញឱ្យមានផលិតភាពពេញលេញ ដើម្បីធានាយកប្រៀបនៃការប្រកួតប្រជែង។

ជាមួយគ្នានេះ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ (ILO)នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រែក្លាយកម្លាំងពលកម្មពីអតិពលកម្មទៅជាកម្លាំងជំនាញ គឺជាកត្តាចាំបាច់ណាស់សម្រាប់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបន្ថែមក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕




