កម្ពុជា-អាមេរិក នឹងជំរុញការគ្រប់គ្រង ពាណិជ្ជកម្មអាវុធ មហាប្រល័យ

ភ្នំពេញ ៖ កម្ពុជា និងសហរដ្ឋអាមេរិក បានរួមសហការគ្នា ក្នុងការជំរុញយុទ្ធសាស្រ្តគ្រប់គ្រង ពាណិជ្ជកម្មអាវុធមហាប្រល័យ ដើម្បីបង្កើនការការពារសន្តិសុខនៅ តាមបន្ទាត់ព្រំដែនកម្ពុជា។

កាលពីថ្ងៃទី៣០ កញ្ញា កម្ពុជា-អាមេរិក បានរៀបចំកម្មវិធីបើក នៃកិច្ចចាប់ផ្តើមគម្រោង ស្តីពី “ដំណើរឆ្ពោះទៅកាន់គំនិត ផ្តួចផ្តើម លើយុទ្ធសាស្ត្រគ្រប់គ្រង ពាណិជ្ជកម្មអាវុធមហាប្រល័យ” នៅសណ្ឋាគារ Raffles Le Royal Phnom Penh ។

ក្នុងកម្មវិធីនេះលោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិកបានថ្លែង អំណរគុណដល់លោកនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW) និងកម្មវិធីការត្រួតពិនិត្យ ការនាំចេញនិងសន្តិសុខព្រំដែន (EXBS) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការលើ គ្រប់គ្រងប្រភេទទំនិញយុទ្ធសាស្រ្តទ្វេមុខ ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថានទូត អាមេរិកចេញផ្សាយនៅថ្ងៃ១ តុលា ។

បើតាមស្ថានទូតថា “ជាមួយគ្នានេះ យើងនឹងជំរុញយុទ្ធសាស្រ្ត គ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ ដើម្បីបង្កើនការការពារសន្តិសុខតាមព្រំដែនរបស់កម្ពុជាប្រឆាំង អាវុធមហាប្រល័យ និងជំរុញកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឲ្យប្រទេសរបស់យើងកាន់តែមានសុខសុវត្ថិភាព”៕

