ជើងហោះហើរចំនួន ៩០ ត្រូវបានពន្យារពេល និងបង្វែរទិសដៅ នៅពេលមានភ្លៀងធ្លាក់ខ្លាំងវាយប្រហារទីក្រុងហាណូយ របស់វៀតណាម

បរទេស៖ ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បាននាំឱ្យមានការរំខាន ដ៏ធំនៅអាកាសយានដ្ឋាន Noi Bai ពេញមួយថ្ងៃ ដែលបណ្តាលឱ្យជើងហោះហើរចំនួន ៥៣ ត្រូវបានពន្យារពេល និង ៣៧ ផ្សេងទៀតបានប្តូរទិសដៅទៅកាន់អាកាសយានដ្ឋានផ្សេងជំនួសវិញ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងហាណូយ មានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅចន្លោះម៉ោង 12:30 ថ្ងៃត្រង់។
ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យជន់លិចផ្លូវរត់របស់យន្តហោះ និងកន្លែងចតរថយន្តជាច្រើន ហើយបានប៉ះពាល់ដល់ប្រព័ន្ធចុះចតយ៉ាងជាក់លាក់នៅលើផ្លូវរត់ ។
សាជីវកម្មគ្រប់គ្រងចរាចរណ៍ ផ្លូវអាកាសវៀតណាម (VATM) បានពណ៌នាព្យុះភ្លៀងថាជាព្យុះខ្លាំងបំផុតមួយក្នុងឆ្នាំ 2025 ដែលមានភ្លៀងធ្លាក់ធំ ជាងគេ និងយូរបំផុតមកទល់ពេលនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កាលវិភាគហោះហើរ និងសុវត្ថិភាព និងថា ជាលទ្ធផល ការកែតម្រូវជើងហោះហើរគឺចាំបាច់៕
ប្រែសម្រួលៈ ណៃ តុលា
