នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សុំទោសកាតា ចំពោះការវាយប្រហារ តាមអាកាសនាពេលកន្លងមក

ដូហា៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសុំទោស ប្រទេសកាតា ចំពោះការវាយប្រហារ តាមផ្លូវអាកាសនា ពេលថ្មីៗនេះនៅទីក្រុងដូហា ដែលជាសម្បទាន ដ៏កម្រមួយដែលត្រូវ បានគេមើលឃើញថា មានសារៈសំខាន់សម្រាប់រដ្ឋឈូង សមុទ្រដើម្បីបន្តតួនាទីសម្របសម្រួល ដ៏សំខាន់របស់ខ្លួននៅក្នុងជម្លោះហ្គាហ្សា។
ការសុំទោសនេះបានកើតឡើង ក្នុងអំឡុងពេល សន្ទនាតាមទូរស័ព្ទត្រីភាគី ជាមួយនាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេសលោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកាតា លោក ណេតាន់យ៉ាហ៊ូ បានសម្តែងការសោកស្តាយ ចំពោះឧបទ្ទវហេតុនេះ ហើយបានសន្យាថា ព្រឹត្តិការណ៍បែបនេះ នឹងមិនកើតឡើងម្តងទៀតឡើយ។
លោក Al Thani បានថ្កោលទោសយ៉ាងខ្លាំងចំពោះវាយប្រហារនេះ ដោយសង្កត់ធ្ងន់ថា ការការពារពលរដ្ឋ និងប្រជាជនកាតា គឺជា “អាទិភាពដាច់ខាត” និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កាតា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់អំពីការបន្តការប្តេជ្ញាចិត្តរបស់កាតាក្នុងការសម្រុះសម្រួលការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។
កាលពីថ្ងៃទី៩ ខែកញ្ញា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើទីក្រុងដូហា ដោយអះអាងថា ពួកគេបានកំណត់គោលដៅទៅលើមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង។
ក្រុមហាម៉ាស់បានឧ្យដឹងថា គណៈប្រតិភូរបស់ខ្លួន កំពុងនៅទីក្រុងដូហា នៅពេលនោះ ដើម្បីពិភាក្សាអំពីសំណើបទ ឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។
ការវាយប្រហារនោះបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៥នាក់ និងមន្ត្រីសន្តិសុខកាតាម្នាក់ដែលធ្វើឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ៕
