ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តឲ្យសិស្ស ជាប់បាក់ឌុប ត្រូវបន្តការសិក្សាថែមទៀត

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ស្រុកកំពង់សៀម ប្រមាណជា ៥០០នាក់ ដែលបានប្រឡង ​សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំនេះ ដែលពិធីនេះធ្វើឡើង នៅសាលសន្និសិទ សាលាខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា មានកត្តា ៤ យ៉ាងដែលនាំឲ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិត ក្នុងនោះ ៖
ទី១ ៖ គឺការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង។
ទី២ ៖ លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនចែកចំណេះដឹងដល់ក្មួយៗ ។
ទី៣ ៖ ការជំរុញពីអាណាព្យាបាល ។
ទី៤ ៖ កត្តាប្រទេសមានសុខសន្តិភាព។

ក្នុងឱកាសនោះផងដែរ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានមានប្រសាសន៍លើកទឹកចិត្ត ឲ្យសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា នៅមហាវិទ្យាល័យបន្ថែមទៀត ជាពិសេសគឺសិស្សនារី ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ចំពោះសិស្សនារី បើទោះជាប្រលងជាប់និទ្ទេស មួយណាក៏ដោយ ប្រសិនបើបញ្ចប់ត្រឹមនេះ នោះក្មួយៗមិនអាច ក្លាយខ្លួនទៅជាវីរៈនារីបានទេ ដូច្នេះក្មួយៗ ត្រូវតែតាំងចិត្តខិតខំ តស៊ូសិក្សាបន្ថែមទៀត ដោយមានការគាំទ្រពីអាណាព្យាបាល ។ ចំពោះលទ្ធភាពដែលត្រូវសិក្សាបន្តនោះ សូមក្មួយៗ ត្រូវពិនិត្យឡើងវិញ នូវវិទ្យាស្ថាន TVET ជាច្រើនដែលបានផ្ដល់អាហារូបករណ៍ តាមរូបភាពនៃការបញ្ចុះតម្លៃ ៥០ភាគរយ ឬ ៧០ភាគរយ ឬ ១០០ភាគរយ សម្រាប់ក្មួយៗដែលមាននិទ្ទេសផ្សេងៗ ។ ដូច្នេះសូមក្មួយៗកុំបារម្ភថា គ្មានលុយបង់ថ្លៃសិក្សា ប្រសិនបើក្មួយៗទៅសិក្សាតាមអាហារូបករផ្សេងៗ ហើយនៅសល់ប៉ុន្មាន លោករដ្ឋមន្ត្រី និងជួយទាំងអស់ សម្រាប់សិស្សក្នុងស្រុកកំពង់សៀមនេះ ។

អត្ថបទដោយ: គីហ្សូណា /ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top