ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំមេឃុំ ចៅសង្កាត់ ត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះ ឲ្យបានត្រឹមត្រូវ និងប្រកបដោយតម្លាភាព

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំ និងជំរុញដល់មេឃុំ ចៅសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តកម្មវិធីជាតិជំនួយ សង្គមឲ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព ដើម្បីមន្រ្តីជំនាញជួយពួកគាត់ បានទាន់ពេលវេលាចំគោលដៅ។

ការណែនាំរបស់ លោក អភិបាលខេត្ត ក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និង ការរិយាល័យអប់រំក្រុង-ស្រុកទូទាំងខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូល រួមពី លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម គណប្រតិភូអមដំណើរ លោក លោកស្រីថ្នាក់ដឹក នាំមន្ទីរ សង្គមកិច្ច និងមន្ទីរអប់រំខេត្ត ប្រធានការរិយាល័យសង្គមកិច្ច និងការរិយាល័យអប់រំក្រុង-ស្រុក មេឃុំចៅសង្កាត់ទាំង១០០ រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

លោក អភិបាលខេត្ត បានថ្លែងថា ដើម្បីធ្វើឲ្យប្រសើឡើងវិញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋរាជរដ្ឋាភិបាល ពិតជាបានចំណាយថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ដំណើរការ នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក និងត្រូវបានបិទបញ្ចប់ស្របតាមស្ថានភាពប្រសើរឡើង នៃស្ថានភាពសេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល ។

បើតាមលោក លឿង ថុនា ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវ មានក្រុង១ និងស្រុក៩ មាន ១០០ឃុំ សង្កាត់ មានគ្រួសារកំពុងទទួលផល ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចំនួន ៣៨,៩៥០ គ្រួសារ។ ព្រមជាមួយគ្នានេះ សាខាមូលនិធិជាតិ ជំនួយសង្គមខេត្តតាកែវ កំពុងតែប្រចាំការសម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីនានា ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យបានគត់មត់ ពិសេសកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីអាទិភាព របស់រាជរដ្ឋាភិបាលផងដែរ៕

To Top