ផ្សែងហុយលើស្ពាន អាកាសស្ទឹងមានជ័យ ពុំមែនឆេះរថយន្តទេ តែជាផ្សែងស៊ីម៉ាំង

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាយបំភ្លឺថា ករណីផ្សែងហុយលើស្ពាន អាកាសស្ទឹងមានជ័យ មិនមែនជាការឆេះរថយន្តនៅលើស្ពាននោះទេ ប៉ុន្តែជាផ្សែងរថយន្តដឹកទំនិញបើកឆ្លងកាត់ឡើង លើស្ពានអាកាសតែប៉ុណ្ណោះ ។
ការបំភ្លឺនេះ ដោយសារថ្មីៗនេះ មានសារព័ត៌មានមួយចំនួនតូច បានផ្សព្វផ្សាយថា មានរថយន្តឆេះនៅលើស្ពានអាកាសស្ទឹងមានជ័យ ដែលនេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល៧នាទីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ មានរថយន្តកូរ៉េ១គ្រឿង មិនចាំម៉ាក និងផ្លាកលេខ បានបើកបរនៅលើផ្លូវ២៧១ ពីមន្ទីរពេទ្យរុស្ស៊ីឆ្លងស្ពានអាកាស ស្ទឹងមានជ័យទិសដៅទៅសាលាសាមគ្គី ដោយដឹកឥវ៉ាន់ធ្ងន់ រថយន្តរោទិ៍ខ្លាំងបណ្តាលឲ្យមានផ្សែង ហុយចេញពីបំពង់ស៊ីម៉ាំង។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ និងបានសួរនាំប្រជាពលរដ្ឋនៅក្រោមស្ពាន បានប្រាប់ថាពុំ មានករណីឆេះរថយន្តនោះទេ តែជាផ្សែងរថយន្ត ដែលបើកលើស្ពានអាកាស ក៏បានបើកបរចេញទៅបាត់ ៕
