ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ MOU ឆ្នាំ២០០០ កម្ពុជា-ថៃ មិនអាចភាគីណាមួយ លុបចោលទេ

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការចុះអនុស្សារណៈយោគយល់គ្នា លើព្រំដែននៅឆ្នាំ២០០០ (MOU២០០០) រវាងកម្ពុជា-ថៃ មិនអាចមានភាគីណាមួយមានសិទ្ធិសម្រេចលុបចោលបាននោះទេ ។

ការលើកឡើងរបស់លោក សុខ ឥសានេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul ទើបបានឡើងកាន់តំណែងបានប៉ុន្មានថ្ងៃ បានប្រកាសលុបចោល MOU ឆ្នាំ២០០០ ស្ដីពីការវាស់វែងខណ្ឌសីមាព្រំដែន គោករវាងកម្ពុជា-ថៃ។ MOU ឆ្នាំ២០០០នេះ ត្រូវបានចុះហត្ថលេខា ទទួលស្គាល់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ។

តាមរយៈបណ្តាញ សង្គមហ្វេសប៊ុក យុវជន៧មករា នាថ្ងៃ១ តុលានេះ លោក សុខ ឥសានបានថ្លែងថា ការចុះMOUឆ្នាំ២០០០នេះ បានផ្តល់ផលប្រយោជន៍ យ៉ាងច្រើន សម្រាប់កម្ពុជានិងថៃ ក្នុងការមានព្រំដែនច្បាស់លាស់ មានសន្តិភាពរវាងប្រទេសនិងប្រជាជនទាំង២ សម្រាប់ទំនាក់ទំនងគ្នាល្អនៅ តាមព្រំដែនឲ្យមានការអភិវឌ្ឍ ។

លោកថា ចំពោះមេដឹកនាំថៃ បច្ចុប្បន្នចង់លុបចោលMOUនេះ គឺពួកគេមិនចង់បានសន្តិភាពនោះទេ ខណៈMOU២០០០ មានតម្លៃស្មើនឹងសន្ធិសញ្ញា ដោយបានតម្កល់នៅអង្គការសហប្រជាជាតិ ដែលមិនអាចភាគីណាមួយលុបចោលបានទេ។

អ្នកនាំពាក្យបន្តថា MOUឆ្នាំ២០០០ អត់មានរយៈពេលកំណត់ទេ ។ ដូច្នេះលុបមិនអាចលុបចោលបាននោះទេ។ លោកក៏បានចោទជាសំណួរថា ទោះបីមានលក្ខខណ្ឌលុបមិនបានក៏ដោយ ប៉ុន្តែតែបើភាគីណាមួយសម្រេចលុបចោលជាឯកតោភាគី តើបាននរណានៅអនុវត្ត បើគូភាគីឈប់ហើយនោះ?៕

To Top