ព័ត៌មានជាតិ

អភិបាលខេត្តកំពត ៖ ការរៀបចំប្លង់គោលខេត្ត មានសារៈសំខាន់បំផុត ដើម្បីសម្រេចបានការអភិវឌ្ឍលើគ្រប់វិស័យ

កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ប្រធានគណៈកម្មការគណៈកម្មការរៀបចំដែនដីខេត្ត និងជាប្រធាន គណៈកម្មការសុរិយោដីខេត្ត បានស្នើដល់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរក្រុង-ស្រុក ទាំង៩ ក្នុងខេត្ត ត្រូវចូលរួមផ្តល់ នូវធាតុចូលអំពីការរៀបចំប្លង់គោល និងប្រើប្រាស់ដីឱ្យបានផុសផុលនិងចំគោលដៅ ដើម្បីឈានសម្រេចឯកភាពលើផែនការរៀបចំដីខេត្ត និងប្លង់គោលប្រើប្រាស់ដីក្រុង។

ការរៀបចំ និងប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ពិសេសការរៀបចំប្លង់គោលខេត្តបានត្រឹមត្រូវនឹងធ្វើឱ្យខេត្តមានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរ និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យនាពេលអនាគត។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់ការឯកភាព លើសេចក្តីព្រាងផែនការរៀបចំដីខេត្ត និងប្លង់គោលប្រើប្រាស់ដីក្រុង នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត លោក ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោម ខេត្តទាំង៤ដែលជាប់នឹងតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយគឺជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដែលកំពុងទទួលការពេញនិយមក្នុងការមកលេងកម្សាន្តពីសំណាក់ភ្ញៀវទេចរជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការអភិវឌ្ឍ ពិសេសការប្រើប្រាស់ដីធ្លី ជំរុញការកែច្នៃអភិវឌ្ឍន៍តំបន់ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ សំណង់ ដើម្បីបង្កើនសោភ័ណភាព។

លោក អភិបាលខេត្ត បានបន្តថា ចំពោះផែនការរៀបចំដែនដីគឺជាគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងជាគោលនយោបាយដីធ្លីដែលបានដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការណែនាំថា «យើងត្រូវរៀបចំផ្ទះសំបែង» ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាអនុវត្តន៍។ ហើយផែនការរៀបចំដែនដីថ្នាក់ខេត្តនេះ គឺជាត្រីវិស័យមួយសម្រាប់កំណត់ជាគោលដៅយុទ្ធសាស្ត្រដោយយើងគ្រោងទុកសម្រាប់រយៈពេល ២០ឆ្នាំនៃកំណើនរបស់ខេត្ត ដោយគិតចាប់ពីពេលនេះតទៅរហូតដល់ឆ្នាំ២០៤៤៕

To Top