ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់ដោយសារ គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ នៅភាគកណ្តាលហ្វីលីពីន កើនឡើងដល់ ២៦នាក់ និងរបួស ១៤៧នាក់

xinhua

ម៉ានីល៖ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហ្វីលីពីនបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៦ នាក់បានស្លាប់ និង ១៤៧ នាក់ផ្សេងទៀត បានរងរបួស ខណៈដែលគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារខេត្ត Cebu ភាគកណ្តាល ប្រទេសហ្វីលីពីន។

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលរបាយការណ៍ កាន់តែច្រើនឡើងអំពីការរញ្ជួយដីនេះ បានបំផ្លាញផ្លូវ និងស្ពាន ។ កាសែតក្នុងស្រុក SunStar Cebu បានរាយការណ៍ថា ជនរងគ្រោះដោយសារការ រញ្ជួយដីបានបន្តមកដល់មន្ទីរពេទ្យខេត្ត Cebu នៅទីក្រុង Bogo ដោយធ្វើឱ្យបុគ្គលិកពេទ្យមានភាពមមាញឹកយ៉ាងខ្លាំង។

កាសែតនេះបានបង្ហោះរូបថត របស់សមាជិកគ្រួសារនៅទីក្រុង Bogo ដែលកំពុងយំនៅពេល​ ដែលពួកគេមើលសាកសព មនុស្សជាទីស្រលាញ់របស់ពួកគេ រុំដោយថង់ពណ៌ខ្មៅ។

វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានរាយការណ៍ដំបូងថា ការរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ បានវាយប្រហារខេត្ត Cebu នៅម៉ោង ៩ និង៥៩នាទីយប់ ម៉ោងក្នុងស្រុកនៅថ្ងៃអង្គារ។ ក្រោយមក វិទ្យាស្ថានបានកែប្រែកម្លាំងដល់ ៦.៩រ៉ិចទ័រ ដោយបន្ថែមថា ការរញ្ជួយដីបានវាយប្រហារនៅជម្រៅ ៥គីឡូម៉ែត្រ ចម្ងាយប្រហែល ១៩គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបូហ្គោ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top