ភ្នំពេញ ៖ កម្លាំងនគរបាល នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋាន ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនប្រុសស្រី៥នាក់ ក្នុងនោះមានមេខ្យល់ចំនួន៣នាក់ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំចំណតរថយន្តក្រុង (វ៉ាងរ៉ិច) ផ្លូវលេខ១៤៤ កែងផ្លូវ លេខ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងចំណោមអ្នក ដែលត្រូវឃាត់ខ្លួនមាននារី២នាក់ ជាជនរងគ្រោះ( អនីតិជនម្នាក់) ដែលត្រូវបានមេខ្យល់នាំឆ្លងដែន ចេញពីប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម ឆ្ពោះទៅប្រទេសចិនដោយខុសច្បាប់ ។
ប្រភពពីសមត្ថកិច្ច ជំនាញបានអោយដឹងថា ជនសង្ស័យប្រុសស្រីទាំង០៣នាក់ ដែលជាមេខ្យលើមាន ទី១ឈ្មោះ ពៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ។ ទី២ឈ្មោះ រ៉ន សុភា ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាសន្តិសុខ ។ ទី៣មានឈ្មោះ ចិត្ត ស្រីពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាអ្នកបំរើការក្នុងហាងខារ៉ាអូខេ ។
ក្រោយពីការសួរនាំរបស់សមត្ថកិច្ច ជនរងគ្រោះខាងលើបានអោយដឹងថា មុនពេលពួកនាងសម្រេចចិត្តទៅប្រទេសចិន គឺមានស្រ្តីម្នាក់ដែលជាមេខ្យល់បានទាក់ទង និងលួងលោមថា បើប្អូនៗព្រមទៅប្រទេសចិន ពេលទៅដល់ភ្លាមនិងទទួលបានប្រាក់ចំណូលក្នុងម្នាក់ ពី២០០០ដុល្លារអាមេរិក ទៅ៣០០០ដុល្លារអាមេរិក ហើយរាល់ការរត់ឯកសារ និងសាហ៊ុយធ្វើដំណើរ គឺមានគេចេញអោយទាំងអស់ ។ នារីរងគ្រោះបានបន្តទៀតថា ពេលនោះពួកនាងបានសួរថា “គាត់ពុំមានលិខិតឆ្លងដែនទេ” ហើយនារីមេខ្យល់ក៏បានប្រាប់ថា នឹងនាំពួកនាងទៅធ្វើលិខិតឆ្លងដែន ព្រោះឥលូវគេធ្វើតែ១ថ្ងៃទេបានហើយ ហើយពេលដែលទទួលបានលិខិតឆ្លងដែននឹងធ្វើដំណើរទៅតាមច្រកព្រំដែនអន្តរជាតិបាវិត នៅពេលទៅដល់ហូជិមិញ គឺមានមេខ្យល់ផ្សេងគេចាំទទួលនៅទីនោះដើម្បីនាំឆ្លងដែនបន្តទៅប្រទេសចិន តែមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រី ជាមេខ្យល់ទាំង៣នាក់ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធី ចំណែកនារីរងគ្រោះទាំង២នាក់ បានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕