ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការពេញចិត្តចំពោះវឌ្ឍនភាព និងប្រតិបត្តិការ កម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូ សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយ លោកបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកបណ្ឌិត បានសម្តែងនូវក្តី សោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូ សភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់ នូវការរីកចម្រើននៅកម្ពុជា។

លោកបណ្ឌិត បានថ្លែងអំណរគុណគណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅម៉ាឡេស៊ី នាពេលថ្មីៗនេះ។

លោកបណ្ឌិត មានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនង រវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងពង្រីកទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែង ការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ផងដែរ។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា និងទូលំទូលាយថែមទៀត។

សម្ដេចបវរធិបតី និងលោកបណ្ឌិត Mohd Hatta បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាននយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។

ក្នុងឱកាសនោះ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងដឹកនាំក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យការអនុវត្ត បទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

To Top