លោក ប៉ែន បូណា ៖ គ្មានអ្វីអាចយកឈ្នះ លើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើ ឱ្យសង្គ្រាមចិត្តសាស្ត្រ របស់ភាគីអមិត្តដែលចង់ បំផ្លាញកម្ពុជា ក្នុងគោលដៅបំបែកបំបាក់ សាមគ្គីភាពក្នុងចំណោម ប្រជាពលរដ្ឋខ្មែរ ដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ។

លោក ប៉ែន បូណា បានថ្លែងថា ព័ត៌មានដែលមានចរិតញុះញង់ និងបំបែកបំបាក់ទាំងនោះធ្វើឡើង ក្រោមរូបភាពច្រើនយ៉ាងដូចជា ៖ការបង្កើតគណនីហ្វេសប៊ុកក្លែង ក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែ ម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ ។ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាល។ ការប្រើប្រាស់ខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសនិងដែលគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកប្រឆាំងផ្កាប់មុខ ប្រឆាំងមិនស្គាល់កាលៈទេសៈ និងហ៊ានប្រឆាំងទាំងប្រយោជន៍ជាតិខ្លួនឯង ដើម្បីជាឧបករណ៍បំពងសំឡេងសង្គ្រាមចិត្តសាស្ត្ររបស់ពួកគេ។
លោកបន្តថា ប៉ុន្តែអ្វីជាការកត់សម្គាល់ប្រកបដោយមោទនភាពយ៉ាក្រៃលែងនោះគឺប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មិនត្រឹមតែមិនធ្លាក់ក្នុងអន្ទាក់របស់គេប៉ុណ្ណោះទេ តែពួកគេថែមទាំងបានវាយបកវិញយ៉ាងសកម្មនិងយ៉ាងសមស្របនិងទាន់ពេលវេលាដែលធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រទាំងនោះសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។
លោកក៏បានស្នើជនរួមជាតិខ្មែរបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិឲ្យបានស្ថិរស្ថេរជារៀងរហូត និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសលើថ្នាក់ដឹកនាំកម្ពុជា៕
