ឧបនាយករដ្ឋ ស៊ុន ចាន់ថុល ៖ កម្ពុជា នៅតែរក្សាបានភាព ប្រកួតប្រជែង និងភាពទាក់ទាញ សម្រាប់វិនិយោគ និងពាណិជ្ជកម្ម

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា កម្ពុជា នៅតែរក្សាបាននូវអនុលោមភាព ភាពប្រកួតប្រជែង និងភាពទាក់ទាញ សម្រាប់វិនិយោគ និងពាណិជ្ជកម្ម។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក» នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីជាឱកាសនៃការជួបជុំរវាងអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធាន បទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយ សហរដ្ឋអាម៉េរិក រួមជាមួយនឹងការ ដោះស្រាយបញ្ហា ប្រឈមនានា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរ ឥតឈប់ឈរនៃបរិយាកា សពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន។
ថ្លែងក្នុងឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីសាវតានៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, តួលេខនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, និងសាវតានៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងជាបន្តបន្ទាប់ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី នាយករដ្ឋមន្ត្រី។

ដោយជាលទ្ធផល រដ្ឋបាលសហរដ្ឋអាម៉េរិក បានបញ្ចុះអត្រាពន្ធបដិការមកលើកម្ពុជានៅត្រឹម ១៩% ដែលជាអត្រាមួយអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ។
លោក ឧបនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់អំពីសារសំខាន់នៃវេទិកានេះ ដែលត្រូវបានរៀបចំឡើងក្នុង ពេលវេលាដ៏សំខាន់សម្រាប់អនាគត សេដ្ឋកិច្ចកម្ពុជា។ លោក បានបន្ថែមថា «តាមរយៈការសហការគ្នារវាង ភាគីពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន យើងនឹងធានាបានថា កម្ពុជានៅតែរក្សាបាននូវអនុលោមភាព ភាពប្រកួតប្រជែង និងភាពទាក់ទាញសម្រាប់ វិនិយោគ និងពាណិជ្ជកម្ម»។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការចូលរួមមតិដោយផុលផុសនៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ ក៏ដូចជាបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា វេទិកានេះនឹងបញ្ចប់ទៅជាមួយនឹងគំនិតល្អៗក្នុងការថែរក្សាទីផ្សារ ការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត៕
