សាស្រ្តាចារ្យមួយរូបអះអាងថា ប្រទេសម៉ាឡេស៊ី គឺស្អាតជាងប្រទេសថៃ ៤០០ដង ឯណោះ ទាំងទឹកសមុទ្រ និងកោះ

បរទេស៖ ការជជែកវែកញែកដ៏ក្តៅគគុក មួយបានផ្ទុះឡើង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីអ្នកសិក្សាជនជាតិម៉ាឡេស៊ី ម្នាក់បានអះអាងថា ទេសភាពធម្មជាតិរបស់ប្រទេសម៉ាឡេស៊ីគឺ “ស្រស់ស្អាតជាងប្រទេសថៃ ៤០០ ដង” ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សាស្ត្រាចារ្យវេជ្ជបណ្ឌិត Md Amin Md Taff សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Sultan Idris Education University (UPSI) បានអះអាងថា ធម្មជាតិរបស់ប្រទេសម៉ាឡេស៊ីគឺ “ស្រស់ស្អាត និងត្រូវបានអភិរក្សច្រើនជាង”។ នេះបើតាមគេហទំព័រព័ត៌មាន World of Buzz បានរាយការណ៍។
លោកថា ឆ្នេរ “Port Dickson របស់ម៉ាឡេស៊ីគឺស្អាតជាងឆ្នេរ Ao Nang របស់ប្រទេសថៃ។ កោះ Langkawi ស្អាតជាងនៅកោះ Krabi របស់ថៃ ។ ទឹកនៅកោះ Redang, កោះ Mersing និងសូម្បីតែ នៅកោះ Pulau Kapas ក៏ថ្លាច្បាស់ជាង នៅ Ko Phi Phi” របស់ប្រទេសថៃដែរ ។
ទោះយ៉ាងណាក៏ដោយលោកបណ្ឌិត Md Amin បានទទួលស្គាល់ថា “វត្ថុអនុស្សាវរីយ៍នៅប្រទេសថៃមានតម្លៃថោកជាង” ខណៈដែលនៅប្រទេសម៉ាឡេស៊ី “មានតម្លៃថ្លៃជាងជាមួយនឹងជម្រើសមានកំណត់” ។
ដោយពន្យល់ពីមូលហេតុដែលប្រជាជនម៉ាឡេស៊ីជាច្រើនទៅដើរលេងនៅថ្ងៃឈប់សម្រាកនៅប្រទេសជិតខាង គាត់បានលើកឡើងពីការចំណាយទាប អាហារតម្លៃថោក និងសកម្មភាពផ្សេងៗជាច្រើនដែលជាចំណុចសំខាន់៕
ប្រែសម្រួលៈ ណៃ តុលា
