ពោធិ៍សាត់÷ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៥ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនិងយកអំណោយមកចែកជូនប្រជានេសាទនៃសហគមន៍នេសាទស្រីចឹកស្ថិតក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ចំនួន ១០០ គ្រួសារក្នុងអំឡុងពេលបិទនេសាទនិងក្នុងអំឡុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើអោយពួកគាត់ខកខានចេញទៅនេសាទជាលក្ខណះគ្រួសារ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ជាពិសេសសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា ដែលសម្តេចតែងតែបានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់អំពីជីវភាពរបស់បងប្អូនប្រជានេសាទក្នុងអំឡុងពេលរដូវបិទនេសាទ និង ក្នុងអំឡុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាដែលធ្វើអោយមានការខកខានចេញទៅនេសាទជាលក្ខណះគ្រួសារ។
លោកអភិបាលខេត្តក៍បានបញ្ជាក់ថា បងប្អូនប្រជានេសាទសូមកុំពឹងផ្អែកទាំងស្រុងទៅលើអាជ្ញាធរដែនដីនិងកម្លាំងសមត្ថកិច្ច គឺមានតែបងប្អូនប្រជានេសាទនេះហើយដែលត្រូវតែចូលរួមសហការថែរក្សានិងការពារធនធានមច្ឆាជាតិនៅថ្នាក់មូលដ្ឋានទើបអាចកាត់បន្ថយបាននូវបទល្មើសនិងធ្វើអោយទិន្នផលត្រីរបស់យើងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានោះ លោកអភិបាលខេត្តក៍បានស្នើដល់បងប្អូនប្រជានេសាទទងអស់ ត្រូវប្រើប្រាស់តែឧបករណ៍ណាដែលច្បាប់អនុញ្ញាតិ និង ត្រូវចូលរួមទប់ស្កាត់បទល្មើសនេសាទទ្រង់ទ្រាយធំ លប់បំបាត់ក្មេងទំនើងបង្ហោះទូក ពិសេសត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពអោយបានគ្រប់ៗគ្នា។លោកអភិបាលខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជានេសាទគប្បីប្រុងប្រយ័ត្នចំពោះកូនតូចៗ និង ត្រូវបន្តថែរក្សាសុខភាព ផឹកស្អាត ហូបស្អាត និង រស់នៅស្អាត ហើយបើមានអ្វីកើតឡើងត្រូវជូនដំណឹងមកអាជ្ញាធរដែនដីដើម្បីអោយក្រុមការងារចុះជួយអន្តរាគមន៍និងឆ្លើយតបបានទាន់ពេលវេលា ជាមួយគ្នានោះត្រូវជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដើម្បីវិលមករកភាពប្រក្រតីឡើងវិញក្នុងពេលឆាប់ៗនេះ។
អំណោយដែលបានចែកជូននាពេលនោះមានចំនួន ១០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១០ គីឡូក្រាម មី ១ កេសតូច ព្រមទាំងទឹកដោះគោសម្រាប់កុមារតូចៗមួយចំនួនផងដែរ៕





