ប្រជាជន និងភ្ញៀវទេសចរកម្ពុជា និងកូរ៉េ ជាង ២៤ម៉ឺននាក់ បានធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៤

ភ្នំពេញ ៖ លោក Kim Hyunsoo ភារធារី នៃស្ថានទូតកូរ៉េ ប្រចាំកម្ពុជា បានលើកឡើងពីលទ្ធផលគួរជាទីមោទនៈ នៃការអនុវត្តការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាង កម្ពុជា-កូរ៉េ ដោយមានប្រជាជន នៃប្រទេសទាំងពីរច្រើនជាង ២៤០.០០០នាក់ បានធ្វើដំណើរទៅមក កាលពីឆ្នាំ២០២៤។
ការលើកឡើងរបស់ លោក Kim Hyunsoo ក្នុងពិធីអបអរសាទរបុណ្យជាតិសាធារណរដ្ឋកូរ៉េ និងខួបលើកទី៧៧ ទិវាបុណ្យកងទ័ព ដែលរៀប ចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី១ តុលា។
លោក Kim Hyunsoo ភារធារីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកូរ៉េ ក្នុងការបន្តថែរក្សាព្រូនជុំចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្តកាលពីឆ្នាំ២០២៤ កន្លងមក ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិរវាងគ្នាទៅវិញទៅមក និងបង្កើតនូវវិបុលភាព និងសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះដែរ លោកភារធារី ក៏បានជម្រាបជូនអង្គពិធីពីលទ្ធផលគួរជាទីមោទនៈនៃការអនុវត្តការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដោយមានប្រជាជននៃប្រទេសទាំងពីរច្រើនជាង ២៤០.០០០នាក់ បានធ្វើដំណើរទៅមកកាលពីឆ្នាំ២០២៤។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្ពុជាជានិច្ចក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនរហូតមក ជាពិសេសលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការជំរុញលំហូរទេសចរ និងអ្នកធ្វើដំណើរនៃប្រទេសទាំងពីរ និងអន្តរជាតិ ការតភ្ជាប់ជើងហោះហើរត្រង់ ការវិនិយោគលើវិស័យទេសចរណ៍ពីសំណាក់វិនិយោគិនកូរ៉េនៅកម្ពុជា។
លោករដ្ឋមន្រ្តី បានអញ្ជើញភ្ញៀវទេសចរកូរ៉េ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីទទួលបាននូវបទពិសោធពីសក្តានុពលទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ការអភិវឌ្ឍគ្រប់វិស័យ និងកត្តាសុខសុវត្ថិភាពដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា៕


