ព័ត៌មានជាតិ

សម្តេច ឃួន សុដារី ៖ ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋ របស់តំណាងរាស្រ្ត

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋរបស់តំណាងរាស្រ្ត និងសុខដុមនីយកម្ម សាមគ្គីភាពស្ថាប័ន។

ការលើកឡើងរបស់ សម្តេច ឃួន សុដារី នាឱកាសអញ្ជើញជាអធិបតីផ្សព្វផ្សាយ ស្តីពី វឌ្ឍភាពការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។

សម្តេច រដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កំណែទម្រង់នៅកម្ពុជា បានអនុវត្តតំាងពីក្រោយឆ្នាំ១៩៧៩មក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយនិងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់មក។ ចាប់ពីរាជរដ្ឋាភិបាល នីតិកាលទី១ រហូតដល់បច្ចុប្បន្ន និងជាពិសេសក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំបន្តវេន ប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការឈានទៅកសាងប្រទេសកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ (អភិវឌ្ឍន៍) នៅឆ្នាំ២០៥០។

សូមជម្រាបថា រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មនៃការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) យ៉ាងសកម្មនិងជាក់លាក់។

សម្តេច ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា «ការកែទម្រង់ទាំងបីខាងលើនេះ គឺជាមូលដ្ឋានដ៏សំខាន់ និងចាំបាច់មួយ ដើម្បីកែលម្អ និងលើកកម្ពស់ស្ថាប័នរដ្ឋសភាឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ជាពិសេស ការផ្តល់សេវាជូនប្រពលរដ្ឋម្ចាស់ឆ្នោតឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តសិទ្ធភាព ទាន់ពេលវេលា និងចំទិសដៅ»៕

To Top