ព័ត៌មានជាតិ

កិច្ចប្រជុំលើកទី២ រវាង នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងធ្វើនៅអំឡុង ខែតុលា ឆ្នាំ២០២៥

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចប្រជុំលើកទី២ ស្តីពីការពិនិត្យ និងពិភាក្សាលើផែនការ សកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងធ្វើ នៅអំឡុងខែតុលា ឆ្នាំ២០២៥។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជូនលិខិតអញ្ជើញទៅនគរបាលភូមិន្ទថៃ រួចហើយ ដើម្បីជួបប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស ដែលគ្រោង នឹងរៀបចំធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បន្ទាប់ភាគី នគរបាលភូមិន្ទថៃ បានជូនដំណឹងពីការអាក់ខានចូលរួមកិច្ចប្រជុំលើកទី២ ដែលត្រូវរៀបចំកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចប្រជុំលើកទី២ រវាងកម្ពុជា-ថៃ នេះ គឺធ្វើឡើងបន្ទាប់ពីមានការឯកភាពគ្នានៅក្នុងកិច្ចប្រជុំលើកទី១ រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ អនុលោមតាម ស្មារតីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង៕

To Top