លោក ស៊ុន ចាន់ថុល សង្ឃឹមថា ឯកអគ្គរដ្ឋទូតវៀតណាម នឹងរួមចំណែកយ៉ាងសកម្មជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្ឃឹមថា ឯកអគ្គរដ្ឋទូតវៀតណាម នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ ឱ្យកាន់តែមានភាពល្អប្រសើរឡើង។

ការបង្ហាញក្ដីសង្ឃឹមរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូន លោក NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥។

ជំនួបនារសៀលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-វៀតណាម ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច, ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម, ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ព្រមទាំងពិភាក្សាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពសកលលោកកំពុងស្ថិតក្នុងបរិការណ៍ដែលមានការប្រែប្រួល ហើយទាមទារឱ្យមានការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពបត់បែនខ្ពស់។
តាមរយៈជំនួបនេះ លោក ឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមអបអរសាទរខួបលើកទី៨០ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ និងបានចាត់ទុកការចូលរួមនេះជាការផ្តល់កិត្តិយសដ៏ធំធេង និងបង្ហាញពីសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅក្នុងនាមជាអ្នកជិតខាងល្អ។
បន្ថែមពីនោះ លោក ក៏បានសម្តែងនូវការស្ញើចសសើរចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជុំវិញការបំបែកកំណត់ត្រាការអនុម័តចំនួនគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ និងការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែលលទ្ធផលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។
ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរដ្ឋទូត អញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយរំពឹងថា «ឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ ឱ្យកាន់តែមានភាពល្អប្រសើរឡើង និងហុចផលប្រយោជន៍ទៅវិញទៅមក»។
លោក ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល បានត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជនពីគ្រប់បណ្តាប្រទេសជាមិត្ត សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុតជូនដល់វិនិយោគិន។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាលើការពិនិត្យលទ្ធភាព ក្នុងការបង្កើតឱ្យមាន យន្តការកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-វៀតណាម ដើម្បីរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ច សំដៅពង្រឹងនិងពង្រីកវត្តមានរបស់សហគ្រាសវិនិយោគវៀតណាម ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត៕
