ជប៉ុន នឹងជ្រេីសរេីសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី១៥ ខែតុលា

តូក្យូ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយ កាលពីថ្ងៃពុធថា រដ្ឋាភិបាល និងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចកំពុងរៀបចំដើម្បីកោះប្រជុំសភាវិសាមញ្ញ ដែលអាចធ្វើទៅបាននៅថ្ងៃទី១៥ ខែតុលា ដើម្បីជ្រើសរើសអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីពីលោក Shigeru Ishiba ។
កិច្ចប្រជុំសភាវិសាមញ្ញ ទំនងជានឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃដដែល ដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមគណៈរដ្ឋមន្ត្រីថ្មី។ មេដឹកនាំជប៉ុនបន្ទាប់ ទំនងជាអ្នកឈ្នះការប្រកួតប្រជែងថ្នាក់ដឹកនាំគណបក្សសេរីនិយមដែលកំពុងកាន់អំណាច ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។
សម្ព័ន្ធដែលកំពុងកាន់អំណាចនៃ LDP និងដៃគូវ័យក្មេងរបស់ខ្លួនគឺគណបក្ស Komeito បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាទាំងពីរ ប៉ុន្តែពួកគេនៅតែជាកម្លាំងធំជាងគេ ខណៈគណបក្សប្រឆាំងមិនទាន់រួបរួមគ្នានៅពីក្រោយបេក្ខជនរួម។
ការប្រណាំងថ្នាក់ដឹកនាំ LDP កំពុងប្រព្រឹត្តទៅ ខណៈដែលលោក Ishiba បានសម្រេចចិត្តចុះចេញពីដំណែងជាមេបក្ស ដើម្បីទទួលខុសត្រូវ បន្ទាប់ពីមានការបរាជ័យក្នុងការបោះឆ្នោតជាតិ ចាប់តាំងពីបានក្លាយជានាយករដ្ឋមន្ត្រីកាលពីខែតុលា ឆ្នាំមុន។
គួរបញ្ជាក់ថា សមាជិកសភា LDP ចំនួន ៥រូបកំពុងឈរឈ្មោះក្នុងការប្រកួតនេះ រួមមានរដ្ឋមន្ត្រីកសិកម្ម Shinjiro Koizumi អតីតរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង Sanae Takaichi និងប្រធានគណៈរដ្ឋមន្ត្រី Yoshimasa Hayashi៕
ប្រែសម្រួល ឈូក បូរ៉ា
