ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ពីជំហរកម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយថៃ ប្រាប់ប្រតិភូសមាជិកព្រឹទ្ធសភា សហព័ន្ធម៉ាឡេស៊ី

ភ្នំពេញ៖ ក្នុងករណីវិវាទព្រំដែន កម្ពុជា-ថៃ ការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈាន ទៅរកដំណោះស្រាយមួយ វិលមករកប្រក្រតីឡើងវិញ គឺជាជំហររបស់កម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចកក្រកម្ពុជា ប្រាប់ទៅកាន់ប្រតិភូសមាជិកព្រឹទ្ធសភា សហព័ន្ធម៉ាឡេស៊ី។

ក្នុងពេលអនុញ្ញាតឱ្យប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ លោក Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោបានលើកឡើងដោយបានចែករំលែក អំពីស្ថានភាព របស់ប្រទេសកម្ពុជាកាលពីអតីតកាល ជាពិសេសការដឹកនាំ របស់សម្តេចក្នុងការនាំកម្ពុជា ចេញពីរបប ប្រល័យពូជសាសន៍ និងការធ្វើឱ្យកម្ពុជា ទទួលបាននូវសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដែលបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិល រហូតដល់ប្រទេសមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដល់សព្វថ្ងៃនេះ។
សម្ដេចថា បច្ចុប្បន្នកម្ពុជាមានមេដឹកនាំថ្មី ដែលជាអ្នកជំនាន់ក្រោយ កំពុងតែដឹកនាំប្រទេសយ៉ាងស្វាហាប់ នឹងដើរយ៉ាងលឿនក្នុងការបំពេញ នូវការដឹកនាំសម្រាប់ឱ្យប្រទេសកម្ពុជា រីកចម្រើនទៅមុខទៀត។

នៅក្នុងឱកាសនោះ សម្តេចតេជោក៏បានចែករំលែកពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន រវាងបញ្ហាព្រំដែនកម្ពុជា និងថៃ។ សម្តេចតេជោបានពន្យល់អំពីរឿង រ៉ាវនៃការកើតឡើង ហើយនឹងបញ្ហាប្រឈម នាពេលបច្ចុប្បន្ន និងកំពុងតែឈានទៅរក ការធ្វើយ៉ាងណាឱ្យមានដំណោះស្រាយ វិលមករកប្រក្រតីភាពឡើងវិញ ដែលជាជំហររបស់កម្ពុជា។ អ្វីដែលកម្ពុជាចង់បាន គឺការរក្សា នូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈាន ទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញ ដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអរគុណចំពោះតួនាទី ដ៏សកម្មរបស់ម៉ាឡេស៊ី នៅក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសម្តេចតេជោក៏បានអរគុណចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានបំពេញតួនាទីយ៉ាងរហ័សនិងលឿន ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជានិងថៃ។

ឱកាសនោះ សមាជិកព្រឹទ្ធសភារបស់ម៉ាឡេស៊ី ដែលជាប្រធានប្រតិភូ បានសំដែងនូវការអរគុណចំពោះសម្តេចតេជោ ដែលបានចែករំលែក និងពន្យល់ យ៉ាងក្បោះក្បាយ និងគ្រប់ជ្រុងជ្រោយពីទិដ្ឋភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីអតីតកាល និងទិដ្ឋភាពនៃបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃនាពេលបច្ចុប្បន្ន។

លោកសង្ឃឹមថា វិវាទព្រំដែនរវាងប្រទេសទាំងពីរ នឹងអាចដោះស្រាយបាន ដោយសន្តិវិធីខាងមុខ ហើយសង្ឃឹមថា សន្តិភាពនឹងកើតមានឡើងវិញ សម្រាប់ប្រទេសទាំងពីរ៕

To Top