ព័ត៌មានជាតិ

កម្ពុជា ប្រាប់អន្ដរជាតិ អំពីហឹង្សា រើសអើងជាតិសាសន៍ លើពលរដ្ឋកម្ពុជា ក្នុងប្រទេសថៃ

ភ្នំពេញ ៖ លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិប្រចាំ នៅទីក្រុងហ្សឺណែវ បានថ្លែងប្រាប់អន្តរជាតិថា ពលរដ្ឋកម្ពុជា កំពុងសិក្សារៀន សូត្រ និងរស់នៅលើទឹកដីថៃ បាននិងកំពុងទទួលរង ការរើសអើងជាតិសាសន៍ ការប្រើអំពើហិង្សា ពីសំណាក់ជនជាតិថៃ។

ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានថ្លែងបទអន្តរាគមន៍ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្នុងរបៀបវារៈទី៩ ស្តីពីការប្រកាន់ជាតិសាសន៍ ការរើសអើងពូជសាសន៍ និងការរើសអើងជនបរទេស។

ក្នុងបទអន្តរាគមន៍ លោក ឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត មិនងាករេរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សទាំងអស់ ដោយផ្អែកលើគោលការណ៍សកលនៃសមភាព សេចក្តីថ្លៃថ្នូរ និងសកលភាព។ លោកថា «ភាពស្ងៀមស្ងាត់មិនមែនជាជម្រើសទេ នៅពេលដែលមូលគ្រឹះទាំងនេះ ត្រូវបានគំរាមកំហែង»។

លោក ឯកអគ្គរាជទូត បានទាក់ទាញការយកចិត្តទុកដាក់ ចំពោះការរីករាលដាល នៃការរើសអើងជនបរទេស និងអំពើហឹង្សា រើសអើងជាតិសាសន៍លើពលរដ្ឋកម្ពុជា ក្នុងប្រទេសថៃ ជាពិសេស ពលករ និងនិស្សិត ដែលងាយរងគ្រោះដោយសារស្ថានភាពរបស់ពួកគេ បានក្លាយទៅជាគោលដៅ នៃការវាយប្រហារដោយស្អប់ ការយាយី និងវោហាសាស្ត្ររើសអើង ។ លោក ថា «ទង្វើបែបនេះបំពុលទំនាក់ទំនងរវាងប្រជាជន និងបំផ្លាញស្មារតី នៃសាមគ្គីភាពដែលទ្រទ្រង់ពហុភាគីនិយម»។

លោក ឯកអគ្គរាជទូត បានព្រមានបន្ថែមទៀតប្រឆាំងនឹងការរីកសាយ នៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបំភ្លៃការពិត ការរើសអើង និងបង្ករឱ្យសហគមន៍ស្លូតត្រង់ទទួលរងហានិភ័យ មិនសមហេតុផលទាំងនេះ។ ការអនុវត្តបែបនេះគឺមិនសមស្របនឹងកាតព្វកិច្ចអន្តរជាតិ របស់រដ្ឋក្នុងការធានាការមិនរើសអើង សមភាពចំពោះមុខច្បាប់ និងសន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ក្នុងដែនយុត្តាធិការ របស់ប្រទេសខ្លួន។

លោក ឯកអគ្គរាជទូត បានបញ្ចប់ដោយសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ ការរើសអើងជនបរទេស និងការមិនអត់ឱន មិនមែនជាជម្រើសនយោបាយទេ ប៉ុន្តែជាការចាំបាច់ខាងច្បាប់ និងសីលធម៌ ដោយអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សបង្កើនការយកចិត្តទុកដាក់លើបញ្ហាទាំងនេះ៕

To Top