ព័ត៌មានអន្តរជាតិ

​ កូរ៉េខាងជើង​ ត្រៀមរៀបចំពិធី​ព្យុហយាត្រា ​យោធា​សម្រាប់​ខួប​ ៨០​ឆ្នាំ​របស់​បក្ស​កាន់អំណាច

kyodo

ព្យុងយ៉ាង៖​ ប្រភពព័ត៌មាន ពីកងកម្លាំងប្រដាប់អាវុធ របស់កូរ៉េខាងត្បូងបានឧ្យដឹងថា ប្រទេសកូរ៉េខាងជើង​ កំពុងរៀបចំធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ​ ដើម្បីប្រារព្ធខួបលើកទី៨០​ នៃគណបក្សពលករកូរ៉េ​ ដែលកំពុងកាន់អំណាចនៅថ្ងៃទី១០​ ខែតុលា។

ប្រភព​បាន​ឧ្យដឹងថា ខាង​ជើង​អាច​នឹង​ធ្វើ​ការ​ដង្ហែ​ពេល​យប់ ​ជាមួយ​នឹង​ទាហាន​រាប់​ម៉ឺន​នាក់។ យោធា​កូរ៉េខាងត្បូង​បាន​បង្កើន​ការ​ឃ្លាំមើល ចាប់​ចលនា​យានយន្ត និង​សញ្ញា​នៃ​ការ​ត្រៀម​ខ្លួន ។

មន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ី ត្រូវបានគេរំពឹងថា​ នឹងចូលរួម ដោយកូរ៉េខាងជើងទំនងជាចង់បង្ហាញព្រឹត្តិការណ៍នេះជាការជួបជុំអន្តរជាតិ។

ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសនេះ បានឧ្យដឹងថា មេដឹកនាំលោក​ គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង សម្រាប់ខួបនេះ។ បើ​បែបនេះមែន វា​នឹង​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​មេដឹកនាំ​កំពូល​ឡាវ ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១១។

លោក គីម​ ជុងអ៊ុន​ ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយផ្លូវការ កាលពីចុងខែកញ្ញា ដោយថា កូរ៉េខាងជើងបានទទួល “អាវុធសម្ងាត់” ថ្មី ដោយមានអ្នកវិភាគយោធាកំពុងមើលថា តើពួកគេនឹងត្រូវបានបង្ហាញ នៅឯព្យុហយាត្រាដែរឬទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top