លោក Putin ៖ ពលរដ្ឋឥណ្ឌា នឹងមិនអត់ធ្មត់ ចំពោះការប៉ុនប៉ង់ ធ្វើឲ្យអាម៉ាសទាំងឡាយឡើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅឯកិច្ចប្រជុំពេញអង្គ នៃក្លឹបពិភាក្សា Valdai ក្នុងទីក្រុង Sochi កាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនឥណ្ឌា នឹងមិនអត់ឱនឡើយ នៅពេលដែលប្រទេសរបស់ពួកគេ ត្រូវបានគេសម្លុតធ្វើការសម្រេចចិត្ត ដែលផ្ទុយនឹងផល ប្រយោជន៍ជាតិ និងអាទិភាពរបស់ពួកគេ។
លោកប្រធានាធិបតី ត្រូវបានគេស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើសហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់ដៃគូសំខាន់ៗរបស់ទីក្រុងមូស្គូ ដែលបន្តនាំចូល ថាមពលពីរុស្ស៊ី រួមទាំងប្រេងឥន្ធនៈ រ៉េអាក់ទ័រនុយក្លេអ៊ែរ អ៊ុយរ៉ាញ៉ូម ជាមួយនឹងពន្ធគយ និងទណ្ឌកម្មខ្ពស់ៗថ្មីៗចុងក្រោយនេះ។
លោកPutinបានអះអាងថា ការអនុវត្តពន្ធបន្ទាប់បន្សំប្រឆាំងនឹង ចិន និងឥណ្ឌា ដែលជាអ្នកទិញដ៏ធំបំផុត នៃប្រេងរុស្ស៊ីនឹងនាំទៅរកការកើនឡើង នៃតម្លៃនៅក្នុងទីផ្សារ អាមេរិក និងធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះដោយជៀសមិនរួច ។ លោកបានមានប្រសាសន៍ថា នឹងមិនមានទិដ្ឋភាព នយោបាយនៅទីនេះទេ តែជាការគណនាសេដ្ឋកិច្ចសុទ្ធសាធ ។
លោក Putinបានចោទជាសំណួរបែបនេះថា ៖ តើឥណ្ឌានឹងបោះបង់ធនធានថាមពលរបស់យើងទេ? បើដូច្នេះមែន វានឹងធ្វើឱ្យមានការខាតបង់ខ្លះៗ។ ការប៉ាន់ប្រមាណខុសគ្នា អ្នកខ្លះនិយាយថា វាអាចប្រហែល ៩ទៅ១០ ពាន់លានដុល្លារ។ ប៉ុន្តែប្រសិនបើវាមិនបដិសេធទេ ទណ្ឌកម្មនឹងត្រូវដាក់ ហើយការខាតបង់នឹងដូចគ្នា ។
ប្រទេសមួយដូចជាប្រទេសឥណ្ឌា នឹងតាមដានដោយប្រុងប្រយ័ត្ន នូវការសម្រេចចិត្ត ដែលធ្វើឡើងដោយថ្នាក់ដឹកនាំរបស់ខ្លួន។ លោកPutinបានលើកឡើងថា ប្រជាជនឥណ្ឌានឹងមិនអនុញ្ញាតឱ្យខ្លួនគេត្រូវអាម៉ាស់ ដោយនរណាម្នាក់ឡើយ។ ខ្ញុំដឹងថានាយករដ្ឋមន្ត្រី Narendra Modiគាត់ក៏នឹងមិនធ្វើការ សម្រេចចិត្តបែបនេះដែរ ។
ប្រែសម្រួល៖ស៊ុនលី
