ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Bualoi ធ្វើឱ្យមនុស្សស្លាប់ ៥១នាក់ , បាត់ខ្លួន១៤ នាក់ និងរបួស ១៦៤ នាក់ នៅវៀតណាម

បរទេស៖ ចំនួនអ្នកស្លាប់នៅ ក្នុងប្រទេសវៀតណាមដោយសារព្យុះទីហ្វុង Bualoi និងទឹកជំនន់ បានកើនឡើងដល់ ៥១នាក់, នេះបើយោង តាមរបាយការណ៍ របស់រដ្ឋាភិបាលកាលពីថ្ងៃសុក្រ ខណៈដែលធនាគារកណ្តាល បានជំរុញឱ្យធនាគារនានា ជួយដល់អាជីវកម្ម ដែលរងផលប៉ះពាល់ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្យុះ Bualoi បានធ្វើឱ្យបាក់ដីកាលពីថ្ងៃចន្ទ នៅភាគខាងជើងប្រទេសវៀតណាម ដោយនាំមកនូវទឹកសមុទ្រដ៏ធំ ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលបានបណ្តាលឱ្យមនុស្ស ១៤ នាក់បាត់ខ្លួន និង ១៦៤ នាក់ផ្សេងទៀតរងរបួស ។ នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាម។

ទីភ្នាក់ងារនេះក៏បានបង្កើនការប៉ាន់ប្រមាណ របស់ខ្លួនអំពីការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីព្យុះទីហ្វុង និងទឹកជំនន់របស់វាដល់ ៦០៣ លានដុល្លារ ។

របាយការណ៍បានឱ្យដឹងថា ព្យុះទីហ្វុងនេះបានបំផ្លាញផ្លូវថ្នល់ សាលារៀន និងការិយាល័យយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឱ្យដាច់បណ្តាញអគ្គិសនី ដែលបានធ្វើឱ្យប្រជាជនរាប់ម៉ឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ចំណែកផ្ទះជាង ២៣០.០០០ ខ្នងបានរងការខូចខាត ឬទឹកលិច ហើយផ្ទៃដីដែលមានស្រូវជិត ៨៩.០០០ ហិកតា និងដំណាំផ្សេងទៀតត្រូវបានបំផ្លាញ។

របាយការណ៍នេះ មិនបាននិយាយអំពីការខូចខាតធំដុំ ចំពោះទ្រព្យសម្បត្តិឧស្សាហកម្មនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top